(ភ្នំពេញ)៖ លោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាមេនី បានប្តេជ្ញាថានឹងខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-អាមេនី។

ការប្តេជ្ញាចិត្តបានធ្វើឡើងគ្រាដែល លោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាមេនី ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

លោក Vahram Kazhoyan បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះ លោក Vahram Kazhoyan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនីប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក លោកនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ លោកឯកអគ្គរដ្ឋទូត និងស្ថានទូតអាមេនី ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសទាំងពីរ៕