(ព្រះសីហនុ)៖ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរងជួយការងារដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកងកម្លាំងនគរបាលស្រុកព្រៃនប់ ចុះរឹតបន្តឹងច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង អ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុ ញៀនលើអ្នកបើកបររថយន្តគ្រប់ប្រភេទ។

នគរបាលចរាចរណ៍ បានបញ្ជាក់ថា សកម្មភាពចុះត្រួតពិនិត្យនេះ នឹងចល័តធ្វើជាបន្តបន្ទាប់ លើកំណាត់ផ្លូវជាតិលេខ៤ និងផ្លូវផ្សេងៗទៀតក្នុងខេត្តព្រះសីហនុ។

សូមរំលឹកថា អភិបាលខេត្តព្រះសីហនុ តែងតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងផ្លូវគោក និងផ្លូវទឹកទាំងអស់គ្នា ពោលគឺដើម្បីសុខសុវត្តិភាពខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ សហគមន៍ ក៏ដូចជាចូលរួមការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូរទាំងប្រទេសផងដែរ៕