(កំពង់ឆ្នាំង)៖ ព្រះគ្រូសីលឧត្តមវង្សា សុត ឡាង ទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាជំនួយការសាលាអនុគណស្រុករលាប្អៀរ និងជាព្រះចៅអធិការ វត្តក្រាំងលាវ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បាននាំយកទានព្រះវស្សា និងទេយ្យទាន ប្រគេនជូនព្រះសង្ឃដែលនឹងត្រូវគង់ចាំព្រះវស្សា រយៈពេលមួយត្រីមាស ចំនួន១៣វត្ត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ព្រះគ្រូសីលឧត្តមវង្សា សុត ឡាង មានសង្ឃដីការដែរថា ទៀនព្រះវស្សា និងទេយ្យទានជាច្រើនដែលបានវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីគោរព ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាទ និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។

សូមជម្រាបដែរថា «បុណ្យចូលព្រះវស្សា» គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រីមាស) ក្នុងវស្សានរដូវ ចាប់ពីថ្ងៃ ១រោច ខែអាសាឍទៅ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវ មិនឱ្យដាច់វស្សាឡើយ។ ចំណែកឯពុទ្ធបរិស័ទជាទាយក ទាយិកា ឧបាសក ឧបាសិកា អ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានេះដែរ ជាពិសេសគឺចាត់ចែងសំពត់សម្រាប់ងូតទឹកភ្លៀង ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំង ប្រេងកាត ទៀន ធូប ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ យកទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ថេរវេលានៃការចាំព្រះវស្សា ៣ខែនេះ ជារយៈពេលមួយមានតម្លៃពិសេសព្រោះវាជាសញ្ញាដាស់ស្មារតី បព្វជិតពុទ្ធសាសនិកឱ្យបង្កើនសេចក្ដីព្យាយាម បំពេញគន្ថៈធុរៈក្ដី វិបស្សនាធុរៈក្ដីឲ្យបានខ្លាំងក្លាជាងពេលណាៗទាំងអស់។ រីឯឧបាសក ឧបាសិកា ក៏បានមើលឃើញច្បាស់អំពីខ្លឹមសារនៃការចាំព្រះវស្សារបស់ភិក្ខុសង្ឃដែរ។

ដូច្នេះហើយបានជាគេខិតខំឧបត្ថម្ភនូវចតុប្បច្ច័យផ្សេងៗចំពោះភិក្ខុសង្ឃយ៉ាងខ្លាំងប្លែកពីធម្មតាដូចជា៖ ទៀនវស្សា ប្រេង សាដក ដាក់បិណ្ឌ ភ្ជុំបិណ្ឌដើម្បីសម្ដែងសមានចិត្ត ចូលរួមអបអរសាទរ រំលែកនូវការលំបាកខ្វះខាត និងដើម្បីជាផលានិសង្សពេញបរិបូណ៌សម្រាប់ខ្លួនឯងនោះផង។

សូមបញ្ជាក់ដែរថា វត្តទាំង១៣ ដែលទទួលបានទៀតព្រះវស្សា និងទេយ្យទាន រួមមាន៖ វត្តក្រឡាញ់ចាស់, វត្តបល្ល័ង្ក, វត្តប្រស្និប, វត្តភ្នំតាសាំ, វត្តជរ, វត្តថ្មី, វត្តត្រពាំងអំពិល, វត្តក្ដុល, វត្តភ្នំក្រង់, វត្តព្រាល, វត្តស្ទឹង, វត្តខ្លែងពណ៌ និងវត្តអណ្ដូងព្រេង ដោយក្នុងមួយវត្តទទួលបាន ទានព្រះវស្សា ១គូរ អង្ករ ៥០គីឡូ មី១កេស ទឹកសុទ្ធមួយកេស ទឹកក្រូច១កេស និងគ្រឿងបរិក្ខារផ្សេងៗទៀត រួមទាំងបច្ច័យចំនួន ១៥ម៉ឺនរៀល៕