(ភំ្នពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់នាយ-នាយរង និងមន្ត្រីនគរបាលជាតិ ចំណុះនាយដ្ឋាននគរបាលការពារព្រំដែនទឹក នៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីតំណាងនាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន, លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងប្រធាននាយកដ្ឋាន ចំណុះនាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងប្រធានអង្គភាពអន្តរាគមន៍ ព្រមទាំងលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធានអង្គភាព មេបញ្ជាការវរសេនាតូច និងមន្ត្រីក្រោមឱវាទ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក តេង សួន បានជំរុញដល់មន្រ្តីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលព្រំដែនទឹកទាំងអស់ ត្រូវបង្កើនសមត្ថភាព និងចំណេះរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ មានវិន័យ សេចក្ដីថ្លៃថ្នូរ ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក នៅក្នុងអង្គភាពរបស់ខ្លួន។

អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានណែនាំទៅដល់មន្រ្តី ដែលទើបទទួលបានការតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិទាំងអស់ ត្រូវពង្រឹងសមត្ថភាព ក្នុងភាពជាអ្នកដឹកនាំ ដោយប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ភាពជាគំរូក្នុងការអនុវត្តការងារ មានសីលធម៌វិជ្ជាជីវៈខ្ពស់ និងត្រូវតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។

លោកសង្កត់ធ្ងន់ថា មន្ដ្រីទាំងអស់ត្រូវជៀសវាងដាច់ខាត នូវការប្រើប្រាស់មុខងារ និងសិទ្ធិអំណាចរបស់ខ្លួន ដើម្បីប្រព្រឹត្តអំពើមិនគប្បីការប្រព្រឹត្តអំពើពុករលួយ ការប្រកាន់បក្ខពួក និងបានរំលឹកដល់អង្គភាព ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹកទាំងអស់ ត្រូវពង្រឹងការលើកកម្ពស់ការគោរព វិន័យសេចក្ដីថ្លៃថ្នូររបស់អង្គភាព និងត្រូវជំរុញលើកទឹកចិត្តមន្ត្រីគ្រប់ៗរូបឲ្យខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព៕