(ភ្នំពេញ)៖ អស់រយៈពេលប្រមាណ៥ឆ្នាំ កម្ពុជាបានរងនូវការចោទប្រកាន់មិនតិចឡើយពីសំណាក់ភាគីជម្លោះនៅសមុទ្រចិនខាងត្បូង ដោយភាគីខ្លះគេថាកម្ពុជាលម្អៀងទៅខាងចិន ភាគីខ្លះគេឃ្នើសចិត្តទើសទាល់នឹងកម្ពុជា សង្កៀតធ្មេញខាំមាត់ដាក់កម្ពុជា ទុកកម្ពុជាដូចជាទ្រនាប់ក្នុងការវាយប្រហារទៅលើចិន អុកឡុកឆាឆៅដាក់គ្នានៅពេលមកប្រជុំនៅភ្នំពេញ វាយប្រហារមកលើកម្ពុជាជាច្រើនអន្លើ។

ជុំវិញបញ្ហាជម្លោះរ៉ាំរ៉ៃនៅសមុទ្រខាងត្បូងនេះ ភាគីជម្លោះគឺមានប្រទេសសមាជិកអាស៊ានចំនួន៤ ក្នុងនោះមានវៀតណាម ហ្វីលីពីន ម៉ាឡេស៉ី និងព្រុយណេ តទល់ជាមួយមហាយក្សចិនតែមួយ ដែលពួកគេសុទ្ធតែអះអាងថាតំបន់សមុទ្រនេះគឺជាដែនទឹកនិងដែនកោះប្រវត្តិសាស្ត្រនិងភូមិសាស្ត្ររៀងៗខ្លួន។

នៅក្នុងសៀវភៅអាថ៌កំបាំងក្រៅឆាកក្រោយវាំងននរបស់មេដឹកនាំអាស៊ាន និងពិភពលោក លោក ពុយ គា ដែលជាអ្នកនិពន្ធសៀវភៅនេះ បានសរសេររៀបរាប់ពីបញ្ហាមួយចំនួនជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ដែលបញ្ហាបានរាលដាលមកដល់កម្ពុជាទាំងដែលកម្ពុជាមិនមែនជាភាគីជម្លោះសោះឡើយ។ លោកបានរៀបរាប់ចាប់ពីសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី៩-១៣ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ១០ឆ្នាំមុន។ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនោះ បញ្ហាសមុទ្រចិនខាងត្បូងបានក្លាយជាដុំភ្លើងដែលពុំអាចរម្លត់បាន នោះគឺអធិករណ៍(វិវាទ)នៃការប្រើប្រាស់ពាក្យពេចន៍នៅក្នុងខ្លឹមសារនៃសេចក្តីព្រាងសេចក្ដីថ្លែងការណ៍រួម Joint Communiqué (JC) ដែលធ្វើឱ្យអាស៊ានជាប់គាំងរកដំណោះស្រាយចេញមិនរួចជុំវិញសេចក្ដីថ្លែងការណ៍រួម (JC) នេះ ដែលចាំបាច់ត្រូវប្រកាសនិងផ្សាយចេញ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រូវបានបញ្ចប់។

នៅក្នុងសៀវភៅអាថ៌កំបាំងក្រៅឆាកបានបន្តថា ការជាប់គាំងនេះដោយសារហ្វីលីពីនបានទាមទារឱ្យសេចក្ដីថ្លែងការណ៍រួមខាងលើគួរតែបញ្ចូលពាក្យថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាអំពីការប្រឈមមុខគ្នារវាងហ្វីលីពីននិងចិននៅតំបន់ថ្មប៉ប្រះ Scarborough Shoal ក្បែរប្រទេសហ្វីលីពីន។ រីឯវៀតណាមវិញក៏ទាមទារឱ្យបញ្ចូលពាក្យ តំបន់សេដ្ឋកិច្ចផ្តាច់មុខ (Exclusive Economic Zone) ជាមួយចិន។ កម្ពុជាដែលជាប្រធានអាស៊ានបានជំទាស់មិនឱ្យប្រើពាក្យទាំងពីរនេះនៅក្នុងសេចក្ដីថ្លែងការណ៍រួមនោះឡើយ ពីព្រោះវាមិនមែនជាទម្លាប់របស់អាស៊ានរាប់ទសវត្សរ៍មកហើយក្នុងការប្រើពាក្យពេចន៍ និងទីតាំងចំៗបែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍រួមនាពេលកន្លងមក។ ប៉ុន្តែហ្វីលីពីននិងវៀតណាមបានទាញហេតុផលថា ជម្លោះនេះមិនមែនជារឿងទ្វេភាគីតូចតាចជាមួយប្រទេសជិតខាងឡើយ តែវាគឺជាជម្លោះពហុភាគី ដូច្នេះគួរតែមានការដោះស្រាយក្នុងក្របខណ្ឌពហុភាគី។

ឆ្លើយតបនឹងការជំទាស់របស់ហ្វីលីពីននិងវៀតណាម លោក ហោ ណាំហុង ដែលពេលនោះជារដ្ឋមន្ត្រីការបរទេសកម្ពុជា បាននិយាយសំដៅទៅលើហ្វីលីពីនថា «ព្យាយាមយកកិច្ចប្រជុំអាស៊ានធ្វើជាចំណាប់ខ្មាំង» ហើយបានច្រានចោលការលើកឡើងថា «កម្ពុជាធ្វើតាមសំណើចិន»។ មិនតែប៉ុណ្ណោះ លោក ហោ ណាំហុង ថែមទាំងបានថ្លែងថា «កម្ពុជាមិនមែនជាប្រទេសដែលអះអាងសិទ្ធិកាន់កាប់ក្នុងសមុទ្រចិនខាងត្បូងទេ។ កម្ពុជាមិនកាន់ជើងខាងណាឡើយ វាជាជម្លោះទ្វេភាគីរវាងប្រទេសជាសមាជិកអាស៊ានមួយចំនួន និងសាធារណរដ្ឋប្រជាមានិតចិន។ ដូច្នេះកម្ពុជាយល់ឃើញថា កិច្ចប្រជុំអាស៊ានមិនមែនជាតុលាការសម្រាប់កាត់ក្តីថាអ្នកណាត្រូវ អ្នកណាខុសនោះឡើយ»

គួរជម្រាបថា ក្រៅតែអំពីការដំឡើងសំឡេងតឹងសរសៃកដាក់គ្នារវាងរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីឆ្នាំ២០១២នោះ បញ្ហាសមុទ្រចិនខាងត្បូងនេះនៅតែត្រូវលើកមកពិភាក្សានាសម័យប្រជុំធំៗបន្តបន្ទាប់ទៀត ដូចជា កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសភូមាឆ្នាំ២០១៤ កិច្ចប្រជុំពិសេសរវាងប្រធានាធិបតីអូបាម៉ាដែលជិតផុតអាណត្តិ ជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ាននាខែកុម្ភៈឆ្នាំ២០១៦ កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបនៅប្រទេសម៉ុងហ្គោលីនាខែកក្កដាឆ្នាំ២០១៦។

សេចក្ដីលម្អិតនៃបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនេះ ត្រូវបានរៀបរាប់បន្ថែមក្នុងសៀវភៅអាថ៌កំបាំងក្រៅឆាកក្រោយវាំងននរបស់មេដឹកនាំអាស៊ាន និងពិភពលោក របស់លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា៕