(ភ្នំពេញ)៖ ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៧៤ម៉ឺននាក់ កើនឡើង ៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ។ នេះបើតាមលោក ថោង ខុន រដ្ឋម ន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែង ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកជំនាញទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។

លោករដ្ឋមន្ត្រីបានថ្លែងថា «ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណជាង៧៤ម៉ឺននាក់ កើនឡើង៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ»

ដោយឡែកសម្រាប់ខេត្តសៀមរាប រយៈពេល៧ខែដើមឆ្នាំ២០២២ មានទេសចរផ្ទៃក្នុង ១,២៤២,៨៥៤នាក់ កើនឡើង៨៩០%ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលក្នុងនោះទេសចរជាតិមាន ១,១៥៩,០០០នាក់ កើនឡើង៧៩៩% និងទេសចរបរទេសផ្ទៃក្នុង ៨៣,៨៥៤នាក់ កើនឡើង១៣៥២%។

លោក ថោង ខុន បានបន្តថា ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕