(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម័យនេះគ្មានប្រទេសណាមួយ អាចដាក់អាណានិគម លើប្រទេសមួយទៀតបានទេ ដោយសារតែច្បាប់អន្តរជាតិ។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះ មានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ នៅទីស្តីការក្រសួងអប់រំ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។

រដ្ឋមន្ត្រក្រសួងអប់រ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយសង្គ្រាមលើកលោកទី២ យើងមានច្បាប់អន្តរជាតិ មួយដែលរឹងមាំ គ្មានប្រទេសណាមួយអាចដាក់អាណានិគមនិយម នៅលើប្រទេសណាមួយបានទេ អញ្ចឹងហើយបានជាសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅពេលដែលរុស្ស៉ីវាយអ៊ុយក្រែន គឺសម្តេចបានសម្រេចចិត្តប្រឆាំងនឹងការឈ្លានពាននេះ គឺឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ អញ្ចឹងក្នុងបរិបទបច្ចុប្បន្នច្បាប់អន្តរជាតិ គឺការពារជាពិសេសប្រទេសតូច ច្បាប់អន្តរជាតិមិនអនុញ្ញាតឱ្យប្រទេសមួយទៅដាក់អាណាគម លើប្រទេសផ្សេងនៅក្នុងពេលបច្ចុប្បន្ននេះទេ»

ជាមួយគ្នានេះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ស្ថានភាពពិភពលោកនាពេលបច្ចុប្បន្ននេះ គឺពីស្ថានភាពរបស់ពិភពលោកកាលពីអតីតកាល ដូច្នេះ គ្រប់បណ្តាប្រទេសទាំងអស់ គឺត្រូវស្ថិតនៅក្រោមការគាំពាំរដោយច្បាប់អន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាដើម។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានបានចោទសួរ ទាក់ទងឥទ្ធិពល នៃប្រទេសជិតខាងមកលើកម្ពុជា។

ត្រង់ចំណុចនេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា កន្លងមកនៅលើពិភពលោក ប្រទេសខ្សោយតែងរងឥទ្ធិពលពីប្រទេសខ្លាំងជានិច្ច ហើយបើចង់ឱ្យខ្លួនមានឥទ្ធិពលទៅប្រទេសដទៃវិញ គឺត្រូវតែខិតខំធ្វើឱ្យខ្លួនឯងកាន់តែខ្លាំងឡើងជាលំដាប់។

ពាក់ព័ន្ធនឹងការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាមវិញ ត្រូវបានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា មិនមែនធ្វើតាមសំណូមពរ ឬការបង្គាប់បញ្ជាពីប្រទេសណានោះទេ ប៉ុន្តែជាការឆ្លើយតបនឹងតម្រូវការសម្រាប់អ្នកដែលចង់សិក្សា ហើយការបង្រៀននេះទាល់តែមានអ្នករៀន និងបង់ប្រាក់ទើបអាចបង្រៀនបាន៕