(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពរបស់គណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ និងពិនិត្យអនុម័តរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២ និងទិសដៅខែបន្ត ឆ្នាំ២០២២ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីតាមដានសកម្មភាពរបស់គណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ ក៏ដូចជាកំណត់ទិសដៅ និងយុទ្ធសាស្ត្រល្អៗក្នុងការយកជ័យជំនះពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានរំលឹកដល់អង្គប្រជុំថា «បើគណបក្សយើងឈ្នះ យើងឈ្នះទាំងអស់គ្នា តែបើគណបក្សយើងចាញ់ យើងចាញ់ទាំងអស់គ្នា ដូចច្នេះយើងត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីទទួលបានជ័យជំនះ សម្រាប់ការបោះឆ្នោតនាពេលខាងមុខបន្តទៀត»។

លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ ដែលបានខិតខំប្រឹងប្រែងកន្លងមក ដែលធ្វើឲ្យលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅថ្មីៗនេះ មានភាពវិជ្ជមានគួរជាទីមោទនៈ។

ជាមួយគ្នានោះ លោកក៏បានជំរុញដល់អង្គប្រជុំទាំងអស់ ឲ្យចូលរួមឲ្យសកម្មបន្ថែមទៀត ក្នុងការបំពេញតួនាទីរបស់ខ្លួន ព្រោះទាំងអស់គ្នាជាផ្នែកមួយដ៏សំខាន់សម្រាប់គណបក្ស៕