(ភ្នំពេញ)៖ គណៈចលនាមហាជន គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បើកកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារបន្តរបស់ខ្លួន ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅវិមាន ៧មករា។

មានមតិចាប់ផ្តើមកិច្ចប្រជុំ លោកស្រី ម៉ែន សំអន បានធ្វើការថ្លែងអំណរគុណ ដល់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់របស់គណៈចលនាមហាជន ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសចូលរួមក្នុងការបំពាក់បំប៉នស្មារតី និងការជំរុញចលនាមហាជនក្នុងការរួមចំណែកដល់ការទទួលបានជ័យជម្នះរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។

គណៈចលនាមហាជន ជាសេនាធិការជូនគណៈកម្មាធិការកណ្តាលគណបក្ស ក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះរបស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេសការកសាង ប្រមូលកម្លាំងគាំទ្រគណបក្សក្នុងចំណោមមហាជនទូទៅ។

ដោយឡែក ក្នុងឱកាសនោះផងដែរ អង្គប្រជុំក៏បានពិភាក្សា វាយតម្លៃ និងលើកទិសដៅការងារសម្រាប់គណៈចលនាមហាជនដើម្បីបន្តបេសកកម្មរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍ជូនគណបក្ស ធានាប្រៀបឈ្នះរបស់គណបក្ស ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជនបានរៀបចំសិក្ខសាលា ស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជននៅក្នុងបរិបទឌីជីថល» ដែលបានអញ្ជើញមន្រ្តីគណបក្ស មកពីគណៈចលនាចំណុះ គណៈចលនាមហាជនរាជធានី ខេត្ត និងរចនាសម្ព័ន្ធអង្គការមហាជននានា ដើម្បីចូលរួមស្តាប់ ពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ល្អៗដើម្បីពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួនក្នុងការបំពេញភារកិច្ចជូនគណបក្ស៕