(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងមជ្ឈមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាង ប្រទេសកូរ៉េខាងត្បូង បានអញ្ជើញមន្ត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួង ចំនួនពីររូបបន្ថែមទៀត ទៅបន្តការសិក្សានៅកូរ៉េខាងត្បូង ក្នុងកម្មវិធី «ការអញ្ជើញកម្មវិធីបណ្តុះបណ្តាលសម្រាប់ អ្នកគ្រប់គ្រងសម្ភារៈ និងបរិក្ខារពេទ្យ»។ កម្មវិធីបណ្តុះបណ្តាលនេះ ស្ថិតនៅក្នុងគម្រោង «កសាងសមត្ថភាពសម្រាប់មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង»។

មន្ត្រីកម្ពុជាទាំងពីររូបនេះ នឹងទទួលការបណ្តុះបណ្តាលរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ ពួកគាត់គ្រោងចាកចេញពីប្រទេសកម្ពុជាទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងចំណេះដឹង និងជំនាញគ្រប់គ្រងទាក់ទងនឹងសម្ភារៈពេទ្យ និងការគ្រប់គ្រងបរិក្ខារក្នុងមន្ទីរពេទ្យ តាមរយៈ ក) ការកសាងសមត្ថភាពនៃការគ្រប់គ្រងបរិក្ខារ (សុវត្ថិភាព ការថែទាំ ផែនការប្រើប្រាស់បរិក្ខារយៈពេលវែង។ល។ និង ខ) ការកសាងសមត្ថភាពនៃការគ្រប់គ្រងសម្ភារៈ (ថែទាំសម្ភារៈពេទ្យ)។

ដើម្បីជួយសម្រួលដល់កម្មវិធីបណ្ដុះបណ្ដាលនេះ ការិយាល័យកយកាប្រចាំកម្ពុជា បានផ្តល់កម្មវិធីតម្រង់ទិសមុនពេលចេញដំណើរដល់សិក្ខាកាមទាំងអស់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។ កម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ គឺដើម្បីសម្រួលដល់ការចូលរួមរបស់សិក្ខាកាមកម្ពុជា ឱ្យពួកគាត់ស្គាល់ពីវប្បធម៌កូរ៉េ និងធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតក្នុងជីវិតរបស់ពួកគាត់នៅកូរ៉េខាងត្បូង។ ក្នុងអំឡុងពេលកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ ការិយាល័យកយកាបានផ្តល់ប្រធានបទចាំបាច់សំខាន់ៗស្តីអំពី ទី១) ព័ត៌មានអំពីប្រទេសកូរ៉េ ទី២) ព័ត៌មានវគ្គសិក្សា និង ទី៣) ក្រមសីលធម៌ស្តីអំពីសុចរិតភាព និងការជៀសវាងការបៀតបៀនផ្លូវភេទសម្រាប់សិក្ខាកាមជាដើម។

គួររំលឹកថា សម្រាប់ឆ្នាំ ២០២២នេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានអញ្ជើញវេជ្ជបណ្ឌិតចំនួន៦រូប ពីមន្ទីរពេទ្យព្រះអង្គឌួង ទៅចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពី «កម្មវិធីបណ្តុះបណ្តាលសម្រាប់វេជ្ជបណ្ឌិត» នៅកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រយៈពេល២១ថ្ងៃសម្រាប់វេជ្ជបណ្ឌិតចំនួន ៣រូប។ កាលពីថ្ងៃទី១១ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ រយៈពេល៣០ថ្ងៃ សម្រាប់វេជ្ជបណ្ឌិតចំនួន៣រូបផ្សេងទៀត។

កយកា ក៏បានអញ្ជើញវេជ្ជបណ្ឌិត១រូបបន្ថែម និងគិលានុបដ្ឋាកយិកា ៧រូប ពីមន្ទីរពេទ្យព្រះអង្គឌួងទៅបន្តការសិក្សានៅកូរ៉េខាងត្បូង ក្នុងកម្មវិធី «បណ្តុះបណ្តាលសម្រាប់គិលានុបដ្ឋាកយិកា» កាលពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ដែលមានរយៈពេល ១៤ថ្ងៃ ហើយនឹងមានកម្មវិធីបណ្តុះបណ្តាលមួយទៀត គឺកម្មវិធី «បណ្តុះបណ្តាលសម្រាប់គណៈគ្រប់គ្រងមន្ទីរពេទ្យ» ដែលនឹងអញ្ជើញគណៈគ្រប់គ្រងមន្ទីរពេទ្យចំនួនប្រាំរូបពីមន្ទីរពេទ្យព្រះអង្គឌួង រួមទាំងប្រធានមន្ទីរពេទ្យផងដែរ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ដែលកម្មវិធីសិក្សាមានរយៈពេល៧ថ្ងៃ។

លោក គីម ខ្វាងវុក (Kim Kwang Wook) អនុប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា បានចូលរួម និងអបអរសាទរចំពោះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក/យិកាកម្ពុជា។ លោក ក៏បានស្នើឱ្យអ្នកចូលរួម ដែលបានទទួលបានឱកាសដ៏ល្អនេះ សិក្សាស្វែងយល់អំពីការអភិវឌ្ឍរបស់ប្រទេសកូរ៉េក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគាត់នៅកូរ៉េ និងពេលត្រឡប់មកប្រទេសកម្ពុជាវិញ សូមចែករំលែកបទពិសោធន៍របស់ពួកគាត់ទៅគិលានុបដ្ឋាក/យិកាកម្ពុជា នៅក្នុងប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោក ហ៊ត ស្រ៊ឺ អ្នកឯកទេសកម្មវិធីជាន់ខ្ពស់ និង លោក ហា ជុនស៊ឹង អ្នកជំនាញវ័យក្មេងនៃការិយាល័យកយកាប្រចាំកម្ពុជា បានធ្វើបទបង្ហាញដោយសង្ខេបអំពីប្រធានបទទាក់ទងទៅនឹងកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ ដែលបានលើកឡើងខាងលើ។

សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ បានបង្ហាញពីការដឹងគុណរបស់ពួកគេចំពោះ កយកា-KOICA និងមជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង ចំពោះការគាំទ្រ ហើយពួកគេបានបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តខ្ពស់ នឹងខិតខំសិក្សា ដើម្បីលើកកម្ពស់ការកសាងសមត្ថភាពសម្រាប់ការយល់ដឹងទូលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលសម្រាប់ គិលានុបដ្ឋាកយិកា៕