(កណ្តាល)៖ ដោយបានការចង្អុលបង្ហាញពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្ឋានស្រុកកណ្តាលស្ទឹង ក្រុមការងារយុវជនគណៈ​ពង្រឹងមូល​ដ្ឋាន​ស្រុក នៅថ្ងៃទី៣០ ខែឧសភា ឆ្នំា២០១៦ បានរៀបចំវេទិកា ស្តីពី «យុវជនឆ្ពោះទៅរកវិថីជោគជ័យ គន្លឹះកសាងទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង» ដែលបានប្រព្រឹត្តទៅ​នៅវិទ្យា​ល័យ ហ៊ុន សែន កន្ទួតក្រោមអធិបតីភាពលោក លឹម ផាន់ភារៈ សមាជិកអចិន្ត្រៃយ៍ក្រុមយុវជន គណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង និងមានការចូលរួមពី សមាជិកក្រុមការងារគណៈ​ពង្រឹងយុវជន អាជ្ញាធរស្រុក យុវជន សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន១២៨៨នាក់។

វេទិកាដែលបានរៀបចំឡើងជាលើកទីមួយ នៅក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ មានគោលបំណង ទី១-ពង្រឹងសមត្ថភាពផ្លូវចិត្ត និងគន្លឹះនៃការរៀបចំខ្លួនដើម្បី​ឲ្យក្លាយទៅជា​យុវជន​ល្អ ជាទំពាំងស្នងឬស្សី នៅក្នុងសង្គម ដែលអាចជួយរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសរបស់យើង ទី២-ជម្រុញ និងលើកទឹកចិត្តដល់យុវជន ឲ្យចេះមានភាពអំណត់ អត់ធ្មត់ តស៊ូ ជាមួយនឹង​បញ្​ហាប្រឈមគ្រប់បែបយ៉ាង និងផ្តល់ក្តីសង្ឃឹមដល់ខ្លួនឯងជានិច្ច ដើម្បីជាកម្លាំងចិត្ត ក្នុងការដោះស្រាយរាល់ការលំបាកឲ្យទទួលបានជោគជ័យ ទី៣-ដឹងគុណមាតាបិតា លោកគ្រូ អ្នកគ្រូ បង្កើនទំនុកចិត្ត ទំនួលខុសត្រូវ សេចក្តីក្លាហាន និងចេះគ្រប់គ្រងពេលវេលា ឱកាស និងវិធីសាស្ត្របច្ចេកទេសរៀនឲ្យពូកែ និងទី៤-ពង្រឹងគុណភាពសិក្សារបស់សិស្ស និងការត្រៀមប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ឱ្យទទួលបាននិទ្ទេសខ្ពស់ តាមរយៈការធ្វើឧទ្ទេសនាម និងចែករំលែកទពិសោធន៍ជីវិតជាក់ស្តែងរបស់មនុស្សជោគជ័យ វាគ្មិនជំនាញមកពីវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ និងអតីត​សិស្សនិទ្ទេស​A ប្រចំាឆ្នំា២០១៤។

ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនេះលោក លឹម ផាន់ភារៈ បានថ្លែងដូច្នេះថា «​ប្អូនៗសិស្សានុសិស្សបាន​អង្គុយរៀន​សូត្រក្នុងអគារសិក្សាដ៏ល្អប្រណិតៗ និងមានអ្វីស្ទើគ្រប់​យ៉ាងនៅពេលនេះ គឺមិនមែនជារឿងចៃដន្យនោះទេ ផ្ទុយទៅវិញគឺបានបន្សល់ទុក និងកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ ការឃ្លាតឆ្ងាយសាច់ញាតិ និងក្រុមគ្រួសារ របស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន កាលពីជាង៣០ មុន នៅក្នុងសមរភូមិប្រយុទ្ធស៊ីសាច់ហុតឈាមដើម្បីដណ្តើមមកជូនជាតិ និងប្រជាជននូវទង់សន្តិភាព សេរីភាព និងលទ្ធិប្រជាធិបតេយ្យ​»

មាតុភូមិដែលបានផ្តើម​ចេញពីគំនរផេះផង់ បានខិតខំងើបក្រោកឈរដោយខ្លួនឯង ក្រោមបរិយាកាសនៃការហ៊ុព័ទ្ធសេដ្ឋកិច្ចពីបរទេស ហើយអ្នកចេះច្រើនបង្រៀន​អ្នកចេះ​តិច បានធ្វើឱ្យពិភពលោក​ស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ និង គោលនយោបាយកណែទម្រង់ស៊ីជម្រៅរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយ​កម្ពុជាពីប្រទេសក្រីក្រជាងគេ នៅក្នុងពិភពលោក មកជាកូនខ្លាសេដ្ឋកិច្ចនៅអាស៊ី។

លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា «ក្នុងរបត់សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងការអនុវត្តគោល​នយោបាយកំណែ​ទម្រង់វិស័យអប់រំនៅកម្ពុជា របស់ក្រសួងអប់រំ យុវជន និងកីឡា មិនមែនធ្វើឡើងដើម្បីឱ្យកូនខ្មែរពិបាកនោះទេ ផ្ទុយទៅវិញកំណែ​ទម្រង់នេះចង់ឱ្យកូនខ្មែរគ្រប់ៗរូប មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការក្រេបជញ្ជក់យកនូវចំណេះដឹង និងត្រៀមខ្លួនធ្វើការប្រកួតប្រជែងក្នុងយុគសម័យបច្ចេកវិទ្យាជាមួយពិភពលោក តាមរយៈការរឹតបន្តឹងការប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ដែលបានផ្តល់យុត្តិធម៌​ឱ្យប្អូនៗមានសិទ្ធិដូចគ្នា ហើយជាក់ស្តែងអ្នក​ដែលចេះពិតប្រាកដ គឺជាប់ ទោះបីប្អូនៗរៀននៅសាលារដ្ឋ ឬឯកជន ទំាងនៅទីក្រុង និងជនបទ»

លោកបានថ្លែងទៀតថា ដូច្នេះបើប្អូនៗចង់ជោគជ័យនៅថ្ងៃស្អែក ប្អូនៗត្រូវចាប់ផ្តើមនៅថ្ងៃនេះ ប្រកបដោយជំនឿចិត្ត មានគោលដៅផ្ទាល់ខ្លួន ដឹងពីគន្លឹះរៀន​យ៉ាងដូចម្តេច ដើម្បីក្លាយជាសិស្សពូកែ ត្រូវជម្នះរាល់ការលំបាកក្នុងជីវិត ថែទំាសុខភាព មានវិន័យ មានការគោរពដឹងគុណមាតាបិតា លោកគ្រូ អ្នកគ្រូ ស្រឡាញ់ខ្លួនឯង និងសង្គមជាតិព្រមទំាង​មិនត្រូវឈ្លក់វង្វេង នឹងសម្ភារនិយម និងប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ ដែលវាអាចជះឥទ្ធិពល អវិជ្ជមានដល់ខ្លួនឯងគ្រួសារ សង្គមជាតិ និងបំផ្លាញអនាគតខ្លួនឯង ហើយត្រូវជឿជាក់ថា មានតែការសិក្សាតែប៉ុណ្ណោះ​ដែលអាចចាក់ទម្លុះនូវភាពអវិជ្ជា និងនំាៗប្អូនឆ្ពោះទៅរកជីវិតដ៏ជោគជ័យ៕