(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានធ្ងន់ៗឲ្យបិទមណ្ឌលព្រៃស្ពឺចោល ប្រសិនជាក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ក៏ដូចជា អាជ្ញាធររាជធានីភ្នំពេញ មិនឆាប់កែលម្អ រឺដោះស្រាយបញ្ហា នៅក្នុងមណ្ឌលនេះ ឲ្យប្រសើរក្នុងពេលឆាប់ៗខាងមុខ។សម្តេចបន្តថា ក្រសួងសង្គមកិច្ច និងអាជ្ញាធររាជធានី ត្រូវចុះដោះស្រាយបញ្ហានេះ បើត្រូវបិទ ក៏ត្រូវបិទចោលតែម្តងទៅមិនមានការចាំបាច់ ដើម្បីទុកទេ បើសិនជាខ្វះសមត្ថភាពគ្រប់គ្រង។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពោធិ៍សែនជ័យ ហៅថា មណ្ឌលព្រៃស្ពឺ ដែលជាកន្លែងសម្រាប់អប់រំជនអនាថា អ្នកសុំទាន ឬអ្នករកស៊ីផ្លូវភេទតាមទីសាធារណៈត្រូវបានរងការរិះគន់ជាបន្តបន្ទាប់លើការគ្រប់គ្រង។ កន្លងមក គេសង្កេត ឃើញថា មណ្ឌលមួយនេះ ខ្វះខាតពេទ្យ និងអ្នកការពារប្រចាំការក្នុងមណ្ឌល ខណៈដែលជនអនាថាមានជំងឺ និងប្រមូលជនអនាថាយកមកទុក គ្មានអ្នកជួយការពារយាមកាម និងព្យាបាលជូនពួកគេ។

ការលើកឡើងរបស់បែបនេះ បានធ្វើឡើងខណៈសម្តេចតេជោបានមកចូលរួមនៅក្នុងថ្ងៃរំលឹកខួបលើកទី៦៧ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ ដែលធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានបញ្ជាក់ឲ្យដឹងនៅលើ Facebook Page យ៉ាងដូចច្នេះថា «ខ្ញុំ និងភរិយាសប្បាយរីករាយណាស់ដែលបានមកចូលរួមនៅក្នុងថ្ងៃរំលឹកខួបលើកទី៦៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ ដែលបានធ្វើនៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃនេះ។

ច្បាស់ណាស់កិច្ចការពារកុមារគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ព្រោះថាកុមារគឺងាយរងគ្រោះថ្នាក់បំផុត ប្រសិនបើគ្មានការយកចិត្តទុកដាក់ចូលរួមសហការ និងការពារពីយើងទាំងអស់គ្នា។ យើងត្រូវបន្តចូលរួមលើកស្ទួយសិទ្ធិកុមារ និងលុបបំបាត់អំពើហិង្សា និងអំពើជួញដូរគ្រប់ប្រភេទ រួមទាំងការជួញដូរផ្លូវភេទ និងការធ្វើអាជីវកម្មលើពលកម្មកុមារគ្រប់រូបភាព។

ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបន្តសហការជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីយើងរួមគ្នាការពារនិងលើកស្ទួយសិទ្ធិកុមារ និងលុបបំបាត់ឲ្យអស់នូវអំពើកេងប្រវ័ញ្ច និងជួញដូរគ្រប់ប្រភេទមកលើកុមារនៅទូទាំងប្រទេស។ ខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាល សូមបញ្ឈប់ការវាយដំ និងអំពើហិង្សាគ្រប់ប្រភេទមកលើកុមារ ហើយសូមចូលរួមទប់ស្កាត់កុំអោយកុមារសេពគ្រឿងញឿន។ ចំពោះមណ្ឌលមួយចំនួន ដែលមិនបានបម្រើសេវាកម្មដល់កុមារត្រឹមត្រូវ គឺត្រូវកែលម្អ ឬត្រូវតែបញ្ឈប់សកម្មភាពជាបន្ទាន់»

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអរគុណ និងកោតសរសើរដល់ក្រសួងពាក់ព័ន្ធ អាជ្ញាធរ ចលនាយុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ ដៃគូអភិវឌ្ឍន៍ និងអង្គការសប្បុរធម៌ទាំងអស់ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដើម្បីការពារ និងលើកស្ទួយសិទ្ធិកុមារឲ្យកាន់តែល្អប្រសើរ ដើម្បីធ្វើឲ្យកុមារមានអនាគតល្អនៅក្នុងសង្គមជាតិ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជូនពរដល់បងប្អូនជនរួមជាតិ ក្មួយៗ និងចៅៗ ទាំងអស់ជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរ៤ប្រការកុំបីខាន៕