(ភ្នំពេញ)៖ លោក អាប់ឌូឡា សាហ៉ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ បានបង្ហាញនូវការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ហើយកសាងប្រទេសចេញពីគំនរផេះផង់ភ្លើងសង្គ្រាមឱ្យចម្រើនលូតលាស់ក្នុងល្បឿនលឿន។
កម្ពុជាជាប្រទេសដែលញ៉ាំញីយ៉ាងខ្លាំងដោយសារតែភ្លើងសង្គ្រាមរយៈពេលជិត ៣ទសវត្សរ៍។ ភ្លើងសង្គ្រាម បានផ្តាច់ផ្តិលជីវិតពលរដ្ឋខ្មែររាប់លាននាក់ និងធ្វើឱ្យសេដ្ឋកិច្ចជាតិ និងការរីកចម្រើនរបស់ជាតិ ត្រូវបានកប់ក្រោមផ្សែង និងផេះផង់នៃភ្លើងសង្គ្រាមនេះ។ ទីបំផុតភ្លើងសង្គ្រាម ការបែកបាក់ ការកាប់សម្លាប់គ្នាក្នុងជាតិខ្មែរនេះ ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ លោក អាប់ឌូឡា សាហ៉ីដ បានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលជួយកម្ពុជាទទួលបានសុខសន្តិភាព និងស្ថេរភាពពេញលេញ តាមរយៈរយៈនយោបាយឈ្នះ-ឈ្នះ។ លោកបន្តថា នយោបាយឈ្នះ-ឈ្នះនេះទៀតសោត គឺមិនទុកឱ្យនរណាម្នាក់នៅក្រៅឆាក ហើយក៏មិននាំឱ្យមានការសងសឹកគ្នាទៅវិញទៅមក។ ផ្ទុយទៅវិញជំរុញឱ្យមានការធ្វើសមាហរណកម្មនៅទូទាំងប្រទេស។
បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនោះ លោក អាប់ឌូឡា ក៏បានកោតសរសើរសម្តេចតេជោ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ទៅប្រទេសជាច្រើននៅលើពិភពលោក ដើម្បីការពារសន្តិភាព។
ពាក់ព័ន្ធការបញ្ជូនកងទ័ពមួកខៀវនេះ លោក អាប់ឌូឡា បានគូសរំលេចថា «កម្ពុជា គឺជាប្រទេសមួយធ្លាប់ទទួលកងកម្លាំងមួកខៀវមករក្សាសន្តិភាព។ ប៉ុន្តែបច្ចុប្បន្នកម្ពុជា បានប្រែក្លាយខ្លួនទៅជាប្រទេសមួយ ដែលបានបញ្ជូនកងទ័ពរបស់ខ្លួនទៅជួយរក្សាសន្តិភាពនៅតាមប្រទេសដទៃ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ នេះគឺជាជោគជ័យដ៏ធំធេងនៃការប្រែប្រួលផ្លាស់ប្តូរមុខមាត់គួរជាទីគោរពមួយសម្រាប់កម្ពុជា»។
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានលើកសរសើរ និងស្ញប់ស្ញែងលើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោកបានគូសរំលេចថា រាជធានីភ្នំពេញ បានក្លាយទៅជារាជធានីមួយដូចទៅនឹងរាជធានីនៃប្រទេសដទៃទៀត ដែលជាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក។
បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ លោក អាប់ឌូឡា ក៏បានវាយតម្លៃខ្ពស់ចំពោះការបានប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការនាំប្រទេសទៅសម្រេចនូវគោលដៅសេដ្ឋកិច្ចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោក អាប់ឌូឡា ក៏បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ធ្វើឱ្យអាស៊ានក្លាយទៅជាអង្គការមួយមានការទទួលការគោរព កោតសរសើរពីសំណាក់បណ្តាប្រទេសដទៃលើពិភពលោក។ លោកចង់ឃើញប្រទេសនានា ប្រើយន្តការអាស៊ាន ដើម្បីឱ្យមានការអភិវឌ្ឍ និងទទួលបានសុខសន្តិភាពនៅតំបន់ដទៃទៀត។
សូមបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន និងលោក អាប់ឌូឡា បានពិភាក្សាលើទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងម៉ាល់ឌីវផងដែរ។
លោក អាប់ឌុលឡា បានលើកឡើងថា កម្ពុជា និងម៉ាល់ឌីវ មានសក្តានុពលជាច្រើន ដែលគួរធ្វើកិច្ចសហប្រតិបត្តិការជាពិសេសលើវិស័យពាណិជ្ជកម្ម។ លោកបានលើកឡើងថា កម្ពុជាមានប្រភពចំណីអាហារដែលអាចនាំទៅប្រទេសម៉ាល់ឌីវ។ លោក អាប់ឌុលឡា បានគូសបញ្ជាក់ថា លោកនឹងសហការជាមួយក្រសួងការបរទេសកម្ពុជា និងជំរុញអ្នកវិនិយោគម៉ាល់ឌីវ ឱ្យមកពិនិត្យមើលឱកាសវិនិយោគនៅកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យធំធាត់ថែមទៀត។
ពាក់ព័ន្ធការវិនិយោគនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើ លោក អាប់ឌូឡា ជំរុញអ្នកវិនិយោគម៉ាល់ឌីវ មកពិនិត្យពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែធំធាត់ឡើង។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនលោក អាប់ឌូឡា អំពីភាពអនុគ្រោះលើការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។ សម្តេចតេជោ បានមានប្រសាសន៍ថា នៅកម្ពុជា បានអនុញ្ញាតឱ្យជនបរទេសមកដាក់ទុនវិនិយោគ១០០ភាគរយ ជាពិសេសការវិនិយោគលើវិស័យកសិកម្ម។
សម្តេចតេជោ បានលើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ មកពិនិត្យវិនិយោគលើការបង្កើតរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីកសិករ កិនជាអង្ករនាំចេញទៅក្រៅប្រទេស។ សម្តេចតេជោ បានស្នើឱ្យលោក អាប់ឌូឡា លើកទឹកចិត្តអ្នកវិនិយោគម៉ាល់ឌុល ពិនិត្យលើការវិនិយោគកែច្នៃស្រូវ ដើម្បីនាំអង្ករចេញទៅម៉ាល់ឌីវ៕