(ព្រៃវែង)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកា ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាសុីម កំចាយមារ ខេត្តព្រៃវែង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង, លោក ស សុខា អនុប្រធានស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យ ជាសុីម កំចាយមារផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា សក្តានុពលធំជាងគេរបស់កម្ពុជា គឺប្រជាជនរបស់កម្ពុជា ជាពិសេសទៅទៀតនោះ គឺប្រជាជនវ័យក្មេង។ លោកបានបន្តទៀតថា មនុស្សម្នាក់ៗត្រូវតែប្រឹងប្រែងដោយខ្លួនឯង ដើម្បីឆ្ពោះទៅមុខ និងត្រូវឆ្លៀតឱកាសរៀនសូត្រឲ្យបានច្រើន ទើបអាចអភិវឌ្ឍន៍ខ្លួនបានលឿន ដើម្បីសម្រេចគោលដៅខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ទន្ទឹមនឹងនោះ លោកបានរំលឹកនូវគោលការណ៍រៀនសូត្របីផ្នែកសំខាន់ ដើម្បីទទួលបានជោគជ័យ ដោយទី១៖ គឺការរៀនសូត្រតាមរយៈទ្រឹស្តី និងមេរៀនក្នុងថ្នាក់ ដែលមនុស្សគ្រប់គ្នាតែងតែទទួលបានពីការសិក្សាតាមសាលា, ទី២៖ គឺការរៀនសូត្រតាមរយៈការសង្កេតមើលអ្នកដែលជោគជ័យ ដើម្បីឲ្យយើងស្វែងយល់ និងអភិវឌ្ឍខ្លួនឯងតាមទម្លាប់ និងសកម្មភាពល្អៗ ដែលបុគ្គលជោគជ័យបានអនុវត្ត និងទី៣៖ គឺការរៀនសូត្រតាមរយៈបទពិសោធន៍ ដោយឲ្យការងារបង្រៀនយើង ដើម្បីទទួលបានឱកាសរៀនសូត្របន្ថែមទៀតក្នុងការអភិវឌ្ឍខ្លួនតទៅមុខ។
នៅក្នុងវគ្គសំណួរចម្លើយ មាននិស្សិតមួយរូបបានចោទជាសំនួរទៅកាន់ លោក ហ៊ុន ម៉ានី ថា តើយុវជនកម្ពុជា ត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះដើម្បីក្លាយជាយុវជនបន្តវេន? លោកបានឆ្លើយតបដោយលើកយកចំណុច៣សំខាន់ៗ មកធ្វើការបកស្រាយយ៉ាងខ្លីប៉ុន្តែខ្លឹម ក្នុងនោះលោកបានបញ្ចាក់ថា ដើម្បីត្រៀមខ្លួនឲ្យក្លាយជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិ គឺយុវជនចាំបាច់ត្រូវយល់ដឹងអំពី ភូមិសាស្រ្ត ប្រជាសាស្រ្ត និងបរិបទ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីការបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាសុីម កំចាយមារ កាលពីឆ្នាំ២០២១កន្លងមក នេះជាការជួបជុំ លើកទី១ រវាងលោក ហ៊ុន ម៉ានី និងសមាជិក សមាជិកា ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យជាសុីម កំចាយមារ ក្នុងឯកសណ្ឋានតែមួយ ដើម្បីរួមគ្នា សម្រេចនូវបេសកម្ម និងបុព្វហេតុ ស.ស.យ.ក. ក៏ដូចជា ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យជាសុីម កំចាយមារផងដែរ៕