(កំពត)៖ អតីតសមាជិក-សមាជិកា មកពីអតីតគណបក្សភ្លើងទៀនប្រមាណ១៥៦៥នាក់ មកពីស្រុកជុំគិរី ស្រុកបន្ទាយមាស និងស្រុកឈូក ក្នុងខេត្តកំពត បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ពិធីនេះធ្វើឡើងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយមាសខេត្តកំពត ក្រោមអធិបតីភាពអ្នកឧញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ តំណាងសម្ដេចតេជោ ហ៊ុន សែន និងមានការចូលរួមពីលោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងាររបស់អ្នកឧកញ៉ា លី សាម៉េត និងលោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ និងលោក មាស ប៊ុនឡី សមាជិកក្រុមការងារពិសេសគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រតិភូ និងជួរថ្នាក់ដឹកនាំដ៏ទៃជាច្រើនរូបទៀតជាង១០០០នាក់។
លោក យូ សិរីវុឌ្ឍ បានលើកឡើងថា វាជារឿងដ៏ត្រឹមត្រូវបំផុតដែលសមាជិក-សមាជិកា បានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ ពីព្រោះថាមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយ ដើម្បីផលប្រយោជន៍បក្ខពួកក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរ អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋឡើយ។
ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយសមាជិកបក្សគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនពលរដ្ឋយើងជានិច្ច។
លោក ម៉ៅ ធនិន បានស្នើដល់បងប្អូនទាំងអស់ត្រូវគិត និងពិចារណាឲ្យបានច្បាស់លាស់ សូមកុំជឿតាមការឃោសនាឧបាយកលបោកប្រាស់ របស់ជនអគតិមួយចំនួន ដែលយកពលរដ្ឋទៅប្រើប្រាស់សម្រាប់ប្រយោជន៍របស់ពួកគេ សព្វថ្ងៃនេះគ្មានថ្នាក់ដឹកនាំ ឬគណបក្សណាមួយ ក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតរាល់អាណត្តិកន្លងមក។
ទន្ទឹមនេះលោកក៏បានអំពាវនាវដល់សមាជិក-សមាជិកាថ្មី ខិតខំអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់បានដឹង មិនទាន់បានយល់ ចូលមករួមរស់និងកសាងប្រទេសជាតិទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន។ នាឱកាសនៅពេលខាងមុខនេះ នឹងមានរៀបចំការបោះឆ្នោតតំណាងរាស្រ្ត នាខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ សូមសមាជិកថ្មីទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនឱ្យបានទាំងអស់គ្នា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋាន។
មានមតិសំណេះសំណាលក្នុងអង្គពិធីទាំងមូល អ្នកឧញ៉ា លី សាម៉េត បានបញ្ជាក់ថា ភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ គឺបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
អ្នកឧញ៉ា លី សាម៉េត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបន្តគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅគ្រប់អាណត្តិ និងគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត៕