(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានការកោតសរសើរ និងស្ញប់ស្ញែងខ្លាំងពីមន្ត្រីជាន់ខ្ពស់របស់កុម្មុយនិស្តចិន លើកិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ជាតិកម្ពុជាឱ្យរីកចម្រើន។ ជាពិសេសការធ្វើឱ្យកម្ពុជាមានតួនាទីកាន់តែសំខាន់ និងត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបត្រូវបានធ្វើឡើងប្រកបដោយភាពស្និទ្ធស្នាល និងពិភាក្សាត្រង់ទៅត្រង់មកលើបញ្ហានានាទាំងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោក។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនេះ លោក លីវ ជានចាវ បានជម្រាបសម្តេចតេជោពីស្ថានភាពខុសប្លែកគ្នារបស់កម្ពុជា កាលពីឆ្នាំ២០០៤ ពេលលោកមកដល់កម្ពុជាដំបូង និងពេលបច្ចុប្បន្ន។
លោក លីវ ជានចាវ បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ដំណើរមកកាន់កម្ពុជានេះពេលនេះ លោកបានមើលឃើញថា កម្ពុជាមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ លោក លីវ ជានចាវ បានគូសរំលេចថា កម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើន មានភាពស្រស់បំព្រង សេដ្ឋកិច្ចមានការលូតលាស់ ទីក្រុងមានការអភិវឌ្ឍន៍ ប្រជាពលរដ្ឋប្រកបដោយភាពស្រស់ស្រាយ។
មន្ត្រីជាន់ខ្ពស់របស់ចិនរូបនេះ បានបង្ហាញការកត់សម្គាល់របស់លោកផងដែរថា កម្ពុជានាពេលបច្ចុប្បន្នមានតួនាទីកាន់តែសំខាន់ និងត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិផងដែរ។
«លទ្ធផលទាំងនេះ គឺបានឆ្លុះបញ្ចាំងពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ និងជាគួរជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍»។ នេះជាការលើកឡើងរបស់លោក លីវ ជានចាវ ដកស្រង់សម្តីដោយលោក អ៊ាង សុផល្លែត។
លោក លីវ ជានចាវ ក៏បានលើកឡើងដែរថា ការអភិវឌ្ឍសេដ្ឋកិច្ចជាមូលដ្ឋានបំពេញឱ្យសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា។ ក្នុងន័យនេះភាគីចិន នឹងបន្តអនុវត្តន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងឡើង ជាពិសេសជំរុញការនាំទំនិញកសិផលទៅកាន់ទីផ្សារចិន, បង្កើតការហោះហើរត្រង់មកកម្ពុជា លើកទឹកចិត្តអ្នកវិនិយោគចិនមកកម្ពុជា និងជួយអភិវឌ្ឍនួថាមពលបៃតងជាដើម។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ដែលកើតចេញពីកិច្ចប្រឹងប្រែងមិនខ្លាចការនឿយហត់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងមូល។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការយល់ស្របចំពោះទស្សនៈការអភិវឌ្ឍសេដ្ឋកិច្ចបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ សម្តេចតេជោ ក៏បានឆ្លៀតស្នើឱ្យចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងថាមពលបៃតងនៅកម្ពុជា ដើម្បីជំរុញដល់ការលូតលាស់សេដ្ឋកិច្ចកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរនូវជីវភាពរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា លោក លីវ ជានចាវ បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តចិន និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក លីវ ជានចាវ គ្រោងនឹងជួបមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយចំនួនទៀតផងដែរ៕