(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តន៍គោលនយោបាយចិនតែមួយ និងប្រឆាំងដាច់ខាតរាល់ពាក្យសម្តី និងទង្វើដែលបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ចិន។
ជំហររបស់សម្តេចតេជោ ហ៊ុន សែន លើការអនុវត្តន៍នយោបាយចិនតែមួយយ៉ាងមុតមាំនេះ ត្រូវបានដកស្រង់មកផ្សព្វផ្សាយលើហ្វេសប៊ុកស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃនះ បន្ទាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
យោងតាមខ្លឹមសារដែលដកស្រង់មកផ្សព្វផ្សាយដោយស្ថានទូតចិននៅកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក លីវ ជានចាវ បានលើកឡើងចំពោះបញ្ហាប្រឈម និងភាពស្មុគស្មាញមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។
ស្ថានទូតបានស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ថា ប្រឈមមុខស្ថានការណ៍ប្រែប្រួលនេះ កម្ពុជា និងចិន តែងគាំទ្រគ្នាទៅវិញទៅមក រួមគ្នាតបទល់នឹងបញ្ហាប្រឈម រួមគ្នាការពារអធិបតេយ្យភាព និងឯករាជ្យភាព ការពារសន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍន៍របស់ខ្លួនយ៉ាងមុតមាំ។
សម្តេចតេជោ បានលើកឡើងថា នៅពេលកម្ពុជាកំពុងតែជួបការលំបាក ភាគីចិនតែងផ្តល់ជំនួយយ៉ាងទាន់ពេលវេលា។ នៅពេលកម្ពុជាកំពុងដោះស្រាយបញ្ហាអភិវឌ្ឍ គឺតែងគិតដល់ភាគីចិនមុនគេជានិច្ច ហើយភាគីចិន បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានផ្តល់ការជួយយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាអាយុជីវិតសុខភាពប្រជាជន និងស្ថិរភាពសង្គម និងសម្រេចបាននូវការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។
ពាក់ព័ន្ធបញ្ហាអធិបតេយ្យភាពរបស់ចិនវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ភាគីកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ប្រឆាំងដាច់ខាតនូវរាល់ពាក្យសម្តី និងទង្វើណាមួយដែលបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ សម្តេចតេជោ ក៏បានបញ្ជាក់ទៀតថា កម្ពុជាបន្តគាំទ្រចិនយ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន ហើយគោលជំហរនេះនឹងមិនផ្លាស់ប្តូរទោះក្នុងកាលៈទេសៈណាក៏ដោយ។
ក្នុងនាមជាប្រមុខបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្រោមស្ថានការណ៍អន្តរជាតិ និងតំបន់ដ៏ស្មុគស្មាញគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្លាំងក្នុងការពង្រឹងទំនាក់ទំនងជាមួយគណបក្សកុម្មុយនិស្តចិន រីករាយសហការក្នុងការរៀបចំផែនការអភិវឌ្ឍទំនាក់ទំនងរវាងគណបក្សទាំងពីរ លើកកម្ពស់ការផ្លាស់ប្តូរ និងសិក្សាពីគ្នាទៅវិញទៅមកអំពីបទពិសោធន៍អភិបាលកិច្ចប្រទេស និងគណបក្ស ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្ដាវិស័យនៃប្រទេសទាំងពីរ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាកាន់តែច្រើន និងរួមគ្នាតបទល់បញ្ហាប្រឈមដ៏ស្មុគស្មាញ។
លោក លីវ ជានចាវ ក៏បានលើកឡើងដែរថា ចិន និងកម្ពុជា គឺជាគំរូនៃទំនាក់ទំនងប្រទេសនិងប្រទេស ដែលគោរពគ្នានិងគាំទ្រគ្នាទៅវិញទៅមក។ លោក លីវ ជានចាវ ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយតែងតែផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ភាគីចិនលើបញ្ហាពាក់ព័ន្ធផលប្រយោជន៍ស្នូលរបស់ចិន។
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន ក៏បានប្រកាសដែរថា ចិន គាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនក្នុងការសម្រេចបាននូវស្ថិរភាពសេដ្ឋកិច្ច សង្គម និងប្រទេសជាតិ។
ក្រៅតែពីបញ្ហាខាងលើនេះ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក លីវ ជានចាវ បានពិភាក្សាពាក់ព័ន្ធទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា ចំណងមិត្តភាព «ដែកថែប» រវាងកម្ពុជា និងចិន បានចាក់ឫសគល់យ៉ាងជ្រាលជ្រៅ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានកំណើនយ៉ាងឆាប់រហ័ស ហើយការកសាងគម្រោងធំៗក្រោមក្របខណ្ឌការកសាងរួមគ្នានូវ «ខ្សែក្រវាត់និងផ្លូវ» បានដំណើរការទៅមុខយ៉ាងរលូន និងសម្រេចបានលទ្ធផលផ្លែផ្កាច្រើនអនេក បានផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា។
សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងចិន នឹងបន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាង «ខ្សែក្រវាត់និងផ្លូវ» ឱ្យទទួលបានសមិទ្ធផលផ្លែផ្កាបន្ថែមទៀត។
សម្តេចតេជោ បានលើកឡើងដែរថា «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក» និង «គំនិតផ្តួចផ្តើមសន្តិសុខពិភពលោក» ដែលលើកឡើងដោយលោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិន បានចូលរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់និងពិភពលោក។ សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ភាគីចិនដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ការសម្របសម្រួលដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពាក់ព័ន្ធដែលស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងការបំពេញតួនាទីរបស់កម្ពុជាជាប្រធានប្តូរវេនអាស៊ាន។
សម្ដេចតេជោមានប្រសាសន៍ថា ភាគីកម្ពុជារីករាយពង្រឹងទំនាក់ទំនងនិងសម្របសម្រួលលើកិច្ចការអន្តរជាតិនិងតំបន់នៃប្រទេសទាំងពីរ ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-ចិន ពន្លឿនការកសាងសហគមន៍វាសនារួមរវាងអាស៊ាន-ចិន ទប់ស្កាត់ការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅទៅលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឱ្យកាន់តែប្រសើរ។
លោក លីវ ជានចាវ បានគូសរំលេចថា ចិននិងកម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាសហគមន៍វាសនារួមគ្នា។ ការរក្សាចំណងមិត្តភាពចិន-កម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់ ការកសាងរួមគ្នានូវសហគមន៍វាសនារួមរវាងចិន និងកម្ពុជា គឺស្របតាមសេចក្តីប្រាថ្នារបស់ប្រជាជនទាំងពីរ ស្របតាមនិន្នាការនៃសម័យកាល ដែលជាផលប្រយោជន៍គ្រឹះសម្រាប់ភាគីទាំងពីរ។
លោក លីវ ជានចាវ បានបន្ថែមទៀតថា ក្រោមការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ភាគីចិនរីករាយសហការជាមួយកម្ពុជា ដើម្បីរួមគ្នាតបទល់នឹងហានិភ័យ និងបញ្ហាប្រឈម ការពារ និងពង្រីកផលប្រយោជន៍រួមគ្នា។ ក្នុងដំណើរនៃគណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងប្រទេស បក្សកុម្មុយនិស្តចិន គឺជាមិត្តដ៏គួរឱ្យទុកចិត្ត និងអាចពឹងផ្អែកបាន៕