(ភ្នំពេញ)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក ស្តេហ្វិន កូហិន (Stephen Cohen) សមាជិកសភានៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋថេនណឺស៊ី និងគណៈប្រតិភូសមាជិកសភាអាមេរិកជាតំណាងរាស្ត្រគណបក្សសាធារណរដ្ឋនៃរដ្ឋវើជើនៀ រដ្ឋតិចសាស់ និងរដ្ឋខេនសាស់ផងដែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
នៅក្នុងជំនួបនេះ លោកស្រី បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់ សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក កាលពីខែឧសភានេះ និងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មិនត្រឹមតែសម្រាប់ការលើកកម្ពស់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ប៉ុណ្ណោះទេ ថែមទាំងទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-អាមេរិក ផងដែរ។ លោកស្រីបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភាអាមេរិកនៅថ្ងៃនេះ នឹងរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងស្ថាប័នទាំងពីរ។
លោកស្រីក៏បានលើកឡើងអំពីការអភិវឌ្ឍន៍ជាវិជ្ជមានមួយចំនួននៅក្នុងទំនាក់ទំនងទ្វេភាគីរបស់អាមេរិក-កម្ពុជា រួមមានទំហំពាណិជ្ជកម្មដែលក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង ៥៦% ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ជួយដោះស្រាយវិបត្តិ Covid-19 ដែលមានទំហំទឹកប្រាក់សរុប ១៦លានដុល្លារ ជាមួយនឹងការផ្តល់វ៉ាក់ស៊ាំងអោយកម្ពុជាជាង ៣ លានដូស ព្រមទាំង កម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងវិស័យអប់រំ កសិកម្ម ដោះគ្រាប់មីន ។ល។
ក្នុងជំនួបនាពេលនេះផងដែរ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ព្រមទាំងតំណាងគណៈកម្មការទី១ និងទី៧ នៃរដ្ឋសភា ក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាជាមួយគណៈប្រតិភូសភាអាមេរិកមកពីបណ្តារដ្ឋផ្សេងៗ ក៏ដូចជាអ្នកជំនាញផងដែរ អំពីកិច្ចការពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញតិ។
ថ្លែងក្នុងជំនួបនាពេលនេះ លោក ស្តេហ្វិន កូហិន បានសម្ដែងនូវការពេញចិត្ត និងពិតជាមានកិត្តិយសយ៉ាងក្រៃលែងចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូសភាអាមេរិចនាពេលនេះ។ លោក បានលើកឡើងថា នេះជាលើកទី ១ ដែលលោកមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឃើញការអភិវឌ្ឍជាច្រើននៅកម្ពុជា។ ជាងនេះទៅទៀត លោកបានលើកសរសើរពីប្រាសាទអង្គរវត្តនៅខេត្តសៀមរាបដ៏អស្ចារ្យរបស់កម្ពុជា។
ជាការឆ្លើយតប លោកស្រី កិត្តិសង្គហបណ្ឌិត បានសម្តែងនូវការអរគុណចំពោះគណៈប្រតិភូសភាអាមេរិកនាពេលនេះ ដែលបានមកទស្សនកិច្ច និងមើលឃើញដោយផ្ទាល់នូវសមិទ្ធផល និងសម្រស់នៃទឹកដីដ៏ល្អផូរផង់របស់កម្ពុជា។ លោកស្រី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ សេចក្តីសុខ ជីវរភាពរស់នៅដែលយើងកំពុងមាន គឺបានមកពីសន្តិភាព និងស្ថិរភាពនយោបាយ សង្គម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាតិជាច្រើនរូប។ លោកស្រី បានលើកឡើងនូវប្រវត្តិដ៏ជូរចត់របស់កម្ពុជា ហើយដែលសន្តិភាពទទួលបាននាពេលនេះគឺបានមកដោយលំបាក។ ដូចនេះ បំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគឺសន្តិភាព សម្រាប់ការអភិវឌ្ឍ សុខមាលភាព ជីវភាព និងផលប្រយោជន៍របស់ប្រជាជន។ លោកស្រីក៏បានសម្តែងនូវសេចក្តីត្រេកអរ និងរង់ចាំទទួលស្វាគមន៍គណៈប្រតិភូសភាអាមេរិក មកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកានេះ។
មុននឹងបញ្ចប់គណៈប្រតិសភាទាំងពីរបានឯកភាពគ្នា និងនាំគ្នាសម្លឹងទៅមុខ ព្រមទាំងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្នធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ៕