(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១ ខែមិថុនានេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញ ប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្តស្វាយរៀង ដែលធ្វើឡើងនៅសាលាខេត្ត ដោយមានអ្នកចូលរួមពី សមាជិកអតីតយុទ្ធជនជាង ៥០០នាក់។

តាមសេចក្តីសម្រេចរបស់សមាគមត្រូវបានតែងតាំងលោក ម៉ែន វិបុល គណៈអភិបាលខេត្តស្វាយរៀង ជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនខេត្តស្វាយរៀង ជំនួសលោក ជៀង អំ អតីតគណៈអភិបាលខេត្តស្វាយរៀង ដែលត្រូវទៅទទួលភារកិច្ចថ្មីជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ត្រី ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និង ជាប្រធានសមាគមអតីតយុទ្ធជនខេត្តស្វាយរៀង បានធ្វើសេចក្តី រាយការណ៍អំពីស្ថានភាពទូទៅ នៃការដឹកនាំកិច្ចការសមាគមក្នុងរយៈពេល ៩ខែកន្លងមក ជាពិសេសលទ្ធផលសម្រេចបានលើការ គ្រប់គ្រងសមាជិក គ្រប់គ្រងថវិកា ការចុះបើកផ្តល់ ប្រាក់បេឡាមរណៈសង្រ្គោះ និង ការធ្វើបច្ចុប្បន្នភាពជាដើម។

ទោះជាលទ្ធផលសម្រេចបានគួរជាទីមោទនៈយ៉ាងនេះក្តី ក៏សមាគមតាមបណ្តាខេត្តនីមួយៗ នៅបានលើកឡើងពីបញ្ហាសេសសល់ មួយចំនួនដូចជា៖ គណៈកម្មាធិការសមាគមនៅមូលដ្ឋាន មិនទាន់បានយល់ច្បាស់នូវកិច្ចការរបស់ខ្លួន ការប្រមូលផ្តុំបំពេញការងារ នៅមិនទាន់មានភាពរលូន ដោយសារសមាសភាពចំរុះ ក្នុងសមាគមមានការងារស្នូលរៀងៗខ្លួន ច្រើនដែលត្រូវបំពេញ។ ជាមួយនោះការងារធ្វើបច្ចុប្បន្នភាព ក៏នៅជួបការលំបាក អាស្រ័យដោយសមាជិកមួយចំនួនបានធ្វើចំណាកស្រុក ចេញទៅប្រកបមុខ របរក្រៅស្រុក និងផ្លាស់ប្តូរលេខទូរស័ព្ទទំនាក់ទំនង។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ដែលបានខិតខំ ពុះពារគ្រប់បែបយ៉ាង ក្នុងការធ្វើជាសេនាធិការឲ្យគណៈអចិន្រ្តៃយ៏គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនប្រកបដោយ ជោគជ័យ តាមតួនាទីភារកិច្ចរបស់ខ្លួន។

នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់ថា «លទ្ធផលដែលយើងសម្រេចបាននាពេលនេះ គឺអាស្រ័យដោយសមាគមមានកិច្ចសហការ គ្នាល្អមានការទទួលខុសត្រូវខ្ពស់ គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រពីបណ្តាសប្បុរសជននានាផង​ ធ្វើឲ្យដំណើរការអនុវត្តទទួលបាន ជោគជ័យ ហើយបងប្អូនអតីតយុទ្ធជន និងគ្រួសារ មានភាពកក់ក្តៅ និងជឿជាក់លើការដឹកនាំរបស់សមាគម ពិសេសលើការបើក ផ្តល់ប្រាក់គោលរបប ប្រាក់បេឡាមរណៈសង្រ្គោះបានទាន់ពេលវេលា ពុំមានការយឺតយ៉ាវដូចមុនទៀតទេ»។

លោក គន់ គីម បានបន្តថា រាជរដ្ឋាភិបាលក្រោម ការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន បានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ របស់បងប្អូនអតីតយុទ្ធជន តាមរយៈការផ្តល់ដីសម្បទាន ការសាងសង់លំនៅដ្ឋានដល់គ្រួសារដែលជួបការលំបាក និង ការតម្លើងប្រាក់ សោធននិវត្តនី ប្រាក់គោលរបបផ្សេងៗដូចមន្រ្តីរាជការដែល កំពុងបំរើការងារទូទៅដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើដល់បងប្អូនជា សមាជិកអតីតយុទ្ធជនទាំងអស់ ត្រូវបន្តថែរក្សាសន្តិភាពឲ្យបានព្រោះនេះជា មរតកដ៏មានតម្លៃដែលយើងរកបានដោយលំបាកបំផុតទំរាំមាន ដូចសព្វថ្ងៃនេះ ដោយមិនត្រូវឲ្យពួកឱកាសនិយម ឬជនអគតិមួយ ក្តាប់តូចមកបង្ករព្យុះភ្លៀង ធ្វើបដិវត្តពណ៌ក្នុងគោលដៅប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ឡើយ។ ទន្ទឹមនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ដល់ការធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់ដើម្បីងាយ ស្រួលក្នុងតាមដានក្តាប់ជាប់ រាល់ស្ថានភាពជីវភាពរស់នៅរបស់សមាជិក ក្នុងនោះ ត្រូវផ្តល់ប័ណ្ណអនុគ្រោះឲ្យបានឆាប់ដើម្បីឲ្យបងប្អូន អតីតយុទ្ធជន និវត្តជនទទួលបាននូវសេវាផ្សេងៗ រួមនឹងការព្យាបាលមានភាពងាយស្រួល។ នៅចុងបញ្ចប់ នៃមតិសំណេះសំណាល នាយឧត្តមសេនីយ៍ គន់ គីម ក៏បានឧបត្ថម្ភថវិកាដល់សមាជិកចូលរួមក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០រៀលផងដែរ៕