(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងតាមបង្ក្រាបក្រុមចោរប្លន់ ប្រដាប់ដាវសាំម៉ូរ៉ៃចំនួន៣នាក់ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោយពីពួកគេបានធ្វើសកម្មភាពប្លន់យកទូរស័ព្ទ និងលុយមួយចំនួនពីជនរងគ្រោះម្នាក់​ នៅចំណុចស្ពានអាកាសក្បាលថ្នល់ កាលពីយប់មិញ។

បុរសម្នាក់ជិះម៉ូតូឌុបពីក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទៅមើលបងស្រីបង្កើត ដែលកំពុងឈឺដេកសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី តែមកដល់ក្រោមស្ពានអាកាសក្បាលថ្នល់ ស្រាប់តែម៉ូតូឌុបអស់សាំង ក៏ឈរក្រោមស្ពានរង់ចាំម៉ូតូ ចាក់សាំងតែត្រូវជនសង្ស័យមាន៣នាក់ មកធ្វើសកម្មភាពប្រើដាវសាំម៉ូរ៉ៃមកភ្ជង់ប្លន់យកលុយ និងទូរស័ព្ទ រត់គេចខ្លួនបាត់។

ក្រោយប្លន់ហើយជនរងគ្រោះ បានរត់ទៅប្ដឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ លុះព្រឹកឡើងទើបកម្លាំងនគរបាល បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅសំណង់មិនរៀបរាយក្រុម១ ស្ថិតនៅភូមិតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានប្រាប់ថា បន្ទាប់មានករណីនេះកើតឡើង កម្លាំងនគរបាលរបស់លោក បានសួរនាំជនរងគ្រោះពីភិនភាគជនល្មើស រួចចុះស្រាវជ្រាវទាំងយប់ រហូតដល់ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់តែម្តង នៅសំណង់មិនរៀបរយតាមមាត់ទន្លេបាសាក់។ ក្រោយចាប់ខ្លួន នគរបាលបាន ហៅជនរងគ្រោះមកមើល ក៏ត្រូវបានជនរងគ្រោះប្រាប់ថា គឺជាជនល្មើសហើយនោះ ក៏កម្លាំងនគរបាលសម្រេចកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការ តាមនីតិវិធី៕