(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការវិនិយោគរបស់ជប៉ុន មកកម្ពុជា បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះវត្តមានរបស់ក្រុមហ៊ុនធំៗ របស់ជប៉ុន បានជួយផ្ទេរបច្ចេកវិទ្យា និងលើកកម្ពស់បែបផែនរស់នៅរបស់ប្រជាជនកម្ពុជា តួយ៉ាងដូចជាផ្សារទំនើបអ៉ីអន និងក្រុមហ៊ុនមីនីបៀជាដើម។ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគផ្ទាល់របស់ជប៉ុន មកកម្ពុជាបន្តកើនឡើងគួរឱ្យកត់សម្គាល់។
ការថ្លែងបែបនេះ របស់អ្នកឧកញ៉ា គិត ម៉េង បានធ្វើឡើងក្នុងអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថានាជំនួបពាណិជ្ជកម្មជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលនុវត្តភាពធុរកិច្ច និងស្វែងរកដៃគូសហការ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។
ជំនួបពាណិជ្ជកម្មនេះរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីធុរជនកម្ពុជា និងជប៉ុនជាច្រើនរូប។
គោលបំណងនៃជំនួបពាណិជ្ជកម្មនេះ រួមមានទី១៖ ផ្តល់ឱកាសដល់ធុរជនជប៉ុន បានជួបពិភាក្សាដោយផ្ទាល់ជាមួយធុរជនកម្ពុជាទៅតាមវិស័យសក្តានុពលរៀងៗខ្លួន ទី២៖ ផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរជនទាំងពីរប្រទេស និង៣៖ ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក។
ថ្លែងក្នុងឱកាសនៃជំនួបពាណិជ្ជកម្មនេះអ្នកឧកញ៉ា គិត ម៉េង មានប្រសាន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនជប៉ុន មកកម្ពុជា និងថ្លែងអំណរគុណអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថាប្រទេសទាំងពីរ កម្ពុជា និងជប៉ុន មានទំនាក់ទំនងល្អតាំងពីយូរលង់ណាស់មកហើយ។
អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងអំពីវិស័យសក្តានុពលសំខាន់ៗ ដែលធុរជនជប៉ុន អាចពិចារណាក្នុងការបណ្តាក់ទុនវិនិយោគផងដែរ ហើយសភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជាស្រេចជួយគាំទ្រដល់សកម្មភាពធុរកិច្ច និងវិនិយោគទាំងនោះ។
អ្នកឧកញ៉ា បានជម្រាបគណៈប្រតិភូធុរកិច្ចជប៉ុនអំពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ និងបានអញ្ជើញគណៈប្រតិភូធុរកិច្ចជប៉ុន មកបំពេញទស្សនកិច្ចជាថ្មី នៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលនេះ៕