(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា អាជ្ញាធរបានសម្រេចបិទទីតាំងប្រមូលផ្ដុំរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់ពីម៉ោង១២យប់នេះតទៅ (ពីម៉ោង០០ ចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២)។
សូមបញ្ជាក់ថានៅមុនមានការសម្រេចបិទនេះ រដ្ឋបាលខេត្តសៀមរាប បានចេញមកបញ្ជាក់ថា ខ្លួនមិនអនុញ្ញាតឱ្យពន្យារពេលនៃការជួបជុំនៅចម្ការរបស់ លោក ខឹម វាសនា នោះឡើយ ពោលគឺត្រូវតែរំសាយការជួបជុំនេះត្រឹមម៉ោង ២៤៖០០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះជាដាច់ខាត។
ការចេញមកបញ្ជាក់របស់លោក ទៀ សីហា បានធ្វើឡើងក្រោយពេលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់លិខិតចូលរដ្ឋបាលខេត្ត សុំពន្យារពេលនៃការជួបជុំ រហូតដល់ដាច់ខែកញ្ញា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រកាសកៀរគរសមាជិក សមាជិការបស់ខ្លួនពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីចម្ការរបស់ខ្លួនក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។ ទិន្នន័យប៉ាន់ប្រមាណដោយអាជ្ញាធរ បានរកឃើញថា មានការប្រមូលផ្តុំ និងជួបជុំនោះ មានសមាជិករហូតដល់ទៅជិត ២ម៉ឺននាក់៕