(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីរៀបចំ រួចរាល់នៅមណ្ឌលប្ដូរ និងពន្យារប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអននៅជាន់ទី១នោះ នៅថ្ងៃទី៣១ ខែឧសភា ម្សិលមិញនេះ ក្រួសួងបានបើកឲ្យ​ដំណើរការសាកល្បង ការរៀបចំនិតិវិធីសម្រាប់ប្រជាលពរដ្ឋក្នុងការប្ដូរ និងពន្យារពេលប័ណ្ណបើកបរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការបង្កើតកន្លែងប្តូរប័ណ្ណបើកបរ នៅផ្សារទំនើបអ៉ីអននេះ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែងាយស្រួល។ ជាពិសេសការបង្កើត​ទីតាំងប្តូរប័ណ្ណបើកបរ​នៅអ៉ីអន ជាកិច្ចខិតខំបង្ខិតសេវា ឲ្យទៅកាន់តែជិតប្រជាពលរដ្ឋ ដែលជាផែនការកំណែទម្រង់ ១០០ថ្ងៃរបស់ក្រសួងសាធារណការ។

ឆ្លើយតបសំណើបង្កើតទីតាំង ប្តូរប័ណ្ណបើកបរនេះ ផ្សារអ៉ីអនម៉ល បានផ្តល់ទីធ្លាសាធារណៈទំហំ ៤០ម៉ែត្រការ៉េ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនង ជាមួយប្រព័ន្ធទិន្នន័យក្រសួង ពីចម្ងាយជាលើក​ដំបូង។ ទីតាំងផ្តល់សេវាសាធារណៈថ្មីនេះ នឹងជួយសម្រួលដល់ការផ្តល់ប័ណ្ណបើកបរ កាន់តែលឿន និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕