(អេហ្ស៊ីប)៖ ទីបំផុតក្រុមរុករករបស់អន្តរជាតិ នៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ បានរកឃើញប្រអប់ខ្មៅ របស់យន្តហោះអេហ្ស៊ីប EgyptAir Flight 804 នោះហើយ ក្រោយការធ្លាក់កាលពីថ្ងៃទី១៩ ខែឧសភា ដែលបានសម្លាប់មនុស្ស ៦៦នាក់។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ BBC នាយប់ថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦។

ការរកឃើញខាងលើនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីអាកាសចរណ៍ស៊ីវិល អេហ្ស៊ីប ឲ្យដឹងថា នាវាស្វែងរកនិងជួយសង្គ្រោះរបស់​បារាំង ​ចាប់បានសញ្ញាមួយ​ចេញពីបាតសមុទ្រ​មេឌីទែរ៉ាណេ ដោយត្រូវបានគេសង្ស័យថា ជា​សញ្ញាចេញពីប្រអប់ខ្មៅ​ (Black box) របស់​យន្តហោះ EgyptAir ដែលបានធ្លាក់នៅសមុទ្រមេឌីទែរ៉ាណេ។

គួរបញ្ជាក់ថា ប្រអប់ខ្មៅរបស់យន្តហោះ ត្រូវបានផលិតឡើងដែលអាចរក្សា ការផ្តល់សញ្ញាដល់អ្នករុករក ចំនួន៣០ថ្ងៃ ក្នុងករណីដែលវាបាត់។ ប្រអប់ខ្មៅ អាចធ្លាក់ទៅក្នុងជម្រៅទឹក ៣,០០០ម៉ែត្រ ដែលក្នុងកម្រិត នេះគេនៅតែអាចចាប់យកសញ្ញាវាបាននៅពេល វាបាត់។ បច្ចុប្បន្នប្រអប់ខ្មៅកំពុងតែ ត្រូវគេស្រង់ចេញពីក្នុងទឹក រួចនឹងប្រគល់ឲ្យក្រុមជំនាញ ធ្វើការទាញយកទិន្នន័យ៕