(ភ្នំពេញ)៖ បន្ទាប់ពីមេធាវី ពេជ រតនា ត្រូវបាន ACU បញ្ជូនទៅដល់តុលាការក្រុងភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីការពារក្តី៦នាក់ទៀត បានទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយបានចុះហត្ថលេខាស្នើសុំឲ្យស្ថាប័នតុលាការ កុំឃុំខ្លួនមេធាវី ពេជ រតនា ដែលត្រូវបានចាប់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងអំពើពុករលួយ។

មេធាវី​ទាំង៦​រូប ដែល​ជួយ​ការពារ​ក្ដី​ឱ្យ​មេធាវី ពេជ រតនា រួម​មាន៖ លោក សាំង វណ្ណៈ លោក អ៊ីវ ប៉ូលី លោក ជូ ចាន់ធីរ៉ា លោក លីវ​ សុវណ្ណា, អ្នកស្រី សៅ កញ្ញា និង​លោក ឈី សម្បត្តិ។ មេធាវី​ទាំង៦​រូប​សុទ្ធសឹងតែ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈ​មេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ពាក់ព័ន្ធនឹងករណីខាងលើនេះ Fresh News នឹងសុំការបំភ្លឺពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅបន្ទាប់ទៀត។

សូមជំរាបថា​ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកមេធាវី ពេជ រតនា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ។

លោកមេធាវី ពេជ រតនា ជាមេធាវីម្នាក់ នៅក្នុងគណៈមេធាវីកម្ពុជា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំង អំពើពុករលួយនាំខ្លួន ពីចំណតពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីលោក ចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយដើរទៅកាន់រថយន្តរបស់លោក៕