(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក វ៉ាត់ថះណា វុធធីឆាត អភិបាលខេត្តស៊ីសាកេត ប្រទេសថៃ បានប្តេជ្ញាចិត្តរួមគ្នាពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាង ខេត្តជាប់ព្រំដែន ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋនៃប្រទេសទាំង២។

ការប្តេជ្ញាចិត្តរបស់លោកអភិបាលខេត្ត នៃប្រទេសទាំង២ បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសដែលលោក ប៉ែន កុសល្យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អនុញ្ញាតឲ្យប្រតិភូខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោក វ៉ាត់ថៈណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួននៅសាលាខេត្តឧត្តរមានជ័យ។

ជំនួបពិភាក្សារវាងអភិបាលខេត្តនៃប្រទេសទាំង២ គឺផ្តោតសំខាន់ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រជាជន និងរវាងខេត្ត និងខេត្ត ដែលជាប់ព្រំដែនជាមួយគ្នា ហើយកសាង សាមគ្គីភាព រវាងប្រជាជននៅកម្ពុជា និងថៃផងដែរ។ ទន្ទឹមនឹងនោះដែរ ក៏ដើម្បីស្វែងយល់រវាងគ្នាទៅវិញទៅមក រវាងប្រជាជនកម្ពុជា និងថៃថែមទៀតផង។

ដោយឡែកនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ លោកអភិបាលខេត្តឧត្តរមានជ័យ និងលោកអភិបាលខេត្តស៊ីសាកេត បានរៀបចំពិធីព្រលែងកូនត្រីរួមគ្នា នៅមុខវេទិការអ៊ុទូកបឹងស្នោរ មុខសាលាខេត្តឧត្តរមានជ័យផងដែរ៕