(សៀមរាប)៖ សន្និសីទអន្តរជាតិស្ដីពី «ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» ត្រូវបានបើកជាផ្លូវការនៅនៅសណ្ឋាគារ SOFITEL ANGKOR ខេត្តសៀមរាប ចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយមានការផ្តល់កិត្តិយសថ្លែងសុន្ទរកថាស្វាគមន៍ និងបើកសន្និសីទ តាមប្រព័ន្ធអនឡាញ ពីឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សន្និសីទនេះមានការចូលរួមពីតំណាងមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញជាន់ខ្ពស់មកពីបណ្តាប្រទេសនានា ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរ និងសង្គមស៉ីវិល ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា សម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជាត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានដាក់លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ។
លោកស្រីមានក្ដីកង្វល់ថា ការលួចបំផ្លិចបំផ្លាញនេះហើយដែលនាំឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងលប់បំបាត់នូវការយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជន។ លោកស្រីបាន បន្តថា សម្បត្តិវប្បធម៌ជាតិទាំងនោះគួរតែស្ថិតនៅទីតាំងដើមរបស់វា ដែលជាដួងព្រលឹង និងជាកិត្យានុភាពជាតិ ទើបអាចបង្ហាញពីការបង្កើតការងារចម្រុះដែលជាចរន្តសេដ្ឋកិច្ចសម្រាប់ប្រជាជន។
លោកស្រីរដ្ឋមន្ត្រីបានបន្តទៀតថា កម្ពុជានិងអាស៊ានបានទទួលស្គាល់ជាសកលនូវតម្រូវការចាំបាច់បន្ទាន់ក្នុងការការពារសម្បត្តិបេតិកភណ្ឌរួមរបស់អាស៊ីអាគ្នេយ៍ ដោយការប្រយុទ្ធប្រឆាំងនឹងការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ និងបង្កើតទីផ្សារសិល្បៈប្រកបដោយការទទួលខុសត្រូវ។ ប៉ុន្មានឆ្នាំនេះ កម្ពុជានិងបណ្ដារដ្ឋជាសមាជិកអាស៊ានបានបោះជំហានយ៉ាងសកម្មក្នុងកិច្ចការប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់គេក្នុងការចូលរួមទប់ស្កាត់ការលួចបំផ្លិចផ្លាញ និងអំពើចោរកម្មនានាដោយមិនចេះហត់នឿយ ដើម្បីពង្រឹងការទទួលខុសត្រូវនៃការផ្លាស់ប្ដូរវប្បធម៌ជាមួយរដ្ឋាភិបាលបរទេស សារមន្ទីរ និងវិស័យឯកជន។
លោកស្រីរដ្ឋមន្ត្រីបានបន្តទៀតថា កម្ពុជាខ្នះខ្នែងស្វែងរកកិច្ចសហការពីបណ្ដាប្រទេសសមាជិកអាស៊ាន និងដៃគូអន្តរជាតិដទៃទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងលើកកម្ពស់ការការពារទ្រព្យសម្បត្តិវប្បធម៌។ បេសកកម្មនេះគឺស្របតាមគោលបំណងសំខាន់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ស្ដីពីកិច្ចការពារ និងការលើកកម្ពស់អត្តសញ្ញាណអាស៊ាន ក៏ដូចជាការថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក ប្រាក់ សុខន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា តាមរយៈការប្តេជ្ញាចិត្តចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌ និងសម្ពន្ធភាពអន្តរជាតិ ទ្រព្យសម្បត្តិជាតិជាច្រើនដែលត្រូវបានគេលួច និងដែលឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនឹងត្រូវប្រគល់មកកម្ពុជាវិញ។ ជាលទ្ធផល កិច្ចសហប្រតិបត្តិការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ឧបនាយករដ្ឋមន្ត្រីបានបន្តថា ការប្រគល់វត្ថុបុរាណទាំងនេះ គឺជាការវិលត្រឡប់នៃព្រលឹងបុព្វបុរសមកកាន់ប្រជាជាតិវិញ។ ដោយប្រទេសកម្ពុជាផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ការវិលត្រឡប់មកវិញនៃកំណប់ទ្រព្យជាតិនឹងក្លាយជាការបំផុសគំនិតសម្រាប់ការបង្កើតថ្មីកន្លែងសារមន្ទីរថ្មីប្រកបដោយភាពច្នៃប្រឌិត សិល្បៈថ្មី ម៉ូដនិងតន្ត្រី ការងារនានាថ្មី ការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយជម្រើសកម្សាន្តថ្មីៗ និងពង្រីកទេសចរណ៍វប្បធម៌។
លោកបានបន្តថា ឥទ្ធិពលសាយភាយលើសេដ្ឋកិច្ចពីការវិលត្រឡប់មកវិញនូវសម្បត្តិជាតិទាំងនេះនឹងមានឥទ្ធិពលម្រាប់មនុស្សជំនាន់ក្រោយ។ ជឿជាក់ថា នឹងឃើញការកើនឡើងយ៉ាងលឿនរហ័សនូវសេចក្តីសាទរ និងមោទនភាពរបស់យុវជនចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពួកគេ និងក្នុងការបណ្តុះបណ្តាលយុវជនឱ្យចូលរួមការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន រាប់ចាប់ពីការអភិរក្សការប្រមូលចងក្រងសមុច្ច័យទុក ការគ្រប់គ្រងព្រឹត្តិការណ៍រហូតដល់ការអនុវត្តច្បាប់។
ជាមួយនេះ លោក ប្រាក់ សុខុន ក៏សង្ឃឹមថា រដ្ឋមន្ត្រីវប្បធម៌អាស៊ានគួរតែជួបប្រជុំជារៀងរាល់ឆ្នាំ ដើម្បីត្រួតពិនិត្យ និងធ្វើឱ្យប្រសើរឡើងលើផែនការការងារស្តីពីសម្បត្តិបេតិកភណ្ឌអាស៊ាន និងផ្តល់ជាអនុសាសន៍ដល់មេដឹកនាំរបស់ខ្លួន មុនពេលកិច្ចប្រជុំកំពូលប្រចាំឆ្នាំផងដែរ។
សូមបញ្ជាក់ថា សន្និសីទអន្តរជាតិនេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៉ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៉ីអាគ្នេយ៍៕