(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាព្រឹកទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBST ប្រវែង ១០.៩០០ ម៉ែត្រ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន មន្ទីរអង្គភាពនានាក្នុងខេត្ត មន្រ្តីរាជការ និងសិស្សានុសិស្សជាច្រើនរូបទៀត។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ផ្លូវចូលមកកាន់ស្រុកបុរីអូរស្វាយ សែនជ័យនេះ ប្រភេទ DBST ដែលមានប្រវែងជាង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងដាក់លូមូលមុខកាត់ ១០០ ទទឹងផ្លូវប្រវែង ១២ ម៉ែត្រ ចំនួន ១០ កន្លែង។ ផ្លូវនេះបានស្ថាបនា ចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី០១ នៅឆ្នាំ២០២១ ចំនួន ៤.៤០០ ម៉ែត្រ និង ដំណាក់កាលទី២ ក្នុងឆ្នាំ២០២២ ប្រវែង ៦.៥០០ ម៉ែត្រ ហើយត្រូវបានបញ្ចប់ការស្ថាបនារួចរាល់ជាស្ថាពរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

លោក ស្វាយ សំអ៊ាង បានថ្លែងថា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយកំណាត់ផ្លូវដែលសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាល បានផ្តល់ជូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់។

លោកអភិបាលខេត្តបន្តថា ស្រុកអូរស្វាយសែនជ័យជាស្រុកមួយ នៅជាប់ប្រទេសឡាវ ដូច្នេះការអភិវឌ្ឍន៍ វាជាផ្នែកមួយ បង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលចំពោះស្រុក ដែលបានបង្កើតទីរួមស្រុកថ្មី។

លោក ស្វាយ សំអ៊ាង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលចាស់ថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែង និងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗ។

ឆ្លៀតក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានឧបត្ថម្ភជាថវិកាដល់រដ្ឋបាលស្រុកបុរីអូស្វាយសែនជ័យ ចំនួន ០១ លានរៀល និង រដ្ឋបាលឃុំ អូរស្វាយ ចំនួន ៥០ ម៉ឺនរៀល ព្រមទាំង លោកតា លោកយាយ ដែលចូលរួមក្នុងពិធី ក្នុងម្នាក់ ៗទទួលបាន សារុង ១ និង ថវិកា ១ ម៉ឺនរៀល សិស្សានុសិស្សិ ក្នុងម្នាក់ៗ ទទួលបាន សម្ភារៈសិក្សា និង ថវិកា ចំនួន ១ ម៉ឺនរៀល ផងដែរ៕