(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃកន្លងមកនេះ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមដំណើរដោយលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញមកកាន់ទីក្រុងហាណូយ និងទីក្រុងហូជីមីញនៅពេលនេះ ពិតជាមានអត្ថន័យយ៉ាងសំខាន់ ក្នុងការរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង» រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងលើកកម្ពស់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ ក៏ដូចជារវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ស្របគ្នានឹងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (២៤/០៦/១៩៧៧-២៤/០៦/២០២២) ។
លោកបានបន្ថែមថា ប្រទេសទាំងពីរកម្ពុជា-វៀតណាម បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីចូលរួមអបអរសាទរ «ឆ្នាំមិត្តកម្ពុជា-វៀតណាម ឆ្នាំ២០២២» ជាពិសេសខួបលើកទី៤៥ នៃ «ដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពត» របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីនាំសុខសន្តិភាពទាំងស្រុងជូនដល់កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរ និងអបអរសាទរ ចំពោះជ័យជំនះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ដោយលោកសង្ឃឹមយ៉ាង មុតមាំថា លទ្ធផលនេះនឹងអនុញ្ញាតឱ្យកម្ពុជាសម្រេចបានបន្ថែមទៀតនូវការកសាងសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនាសម្រាប់កម្ពុជា។
លោក ឃួង ស្រេង បានជម្រាបជូននាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ផងដែរអំពីសភាពការណ៍ទូទៅនៅកម្ពុជា និងនៅរាជធានីភ្នំពេញ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដោយអនុវត្តវិធានការ «៣ការពារ និង៣កុំ» ជាមួយនឹងការគ្រប់គ្រងបានល្អប្រសើរនូវការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃតាមអភិក្រម «ផ្ការីក» និងការស្រោចវ៉ាក់សាំងដោយចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ ព្រមទាំងបន្តចាក់ជូនប្រជាពលរដ្ឋនូវដូសជំរុញទី៣ ទី៤ និងទី៥ បន្តទៀត។
លោក ឃួង ស្រេងក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានសន្យាថា នឹងបន្តគាំទ្រ និងបង្កលក្ខណៈល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការល្អនៅកម្រិតថ្នាក់ក្រោមជាតិ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយឈរលើស្មារតីស្មោះត្រង់នឹងគ្នា ទុកចិត្តគ្នា និងទំនួលខុសត្រូវ តាមរយៈការផ្តល់អាទិភាពខ្ពស់ក្នុងការរក្សា និងជំរុញភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង រវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការងារ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាពមួយចំនួន ដោយផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាល។
លោកនាយករដ្ឋមន្ត្រីវៀតណាម និងលោក ឃួង ស្រេង ក៏បានលើកឡើងផងដែរ ពីគោលបំណងបង្កើនទស្សនកិច្ចយុវជន ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ លើការងារអភិវឌ្ឍទីក្រុង សម្រាប់អ្នកបន្តវេននៃទំនាក់ទំនងរវាងទីក្រុងទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕