(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma ដែលទើបទទួលបានការតែងតាំងជានាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

នៅក្នុងជំនួបនេះលោកទេសរដ្ឋមន្ត្រី ក៏បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះលោកស្រី Jyotsana Varma ដែលបានមកបំពេញបេសកកម្មជា នាយិកាថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលតែងតែជួយគាំទ្រស្ទើរគ្រប់វិស័យ លើការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យដឹកជញ្ជូនសាធារណៈ។

ជាការឆ្លើយតប លោកស្រីនាយិកា បានសំដែងនូវចំណាប់អារម្មណ៍ និងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ចូន ក្រោមកិច្ចខិតខំប្រឹងប្រែង ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ។

ក្នុងជំនួបនេះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីសកម្មភាពការងារសំខាន់ៗជាច្រើន ដែលក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្ត និងការអភិវឌ្ឍឱ្យកាន់តែមានភាពរីកចម្រើន និងទំនើប ជាពិសេសការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីពិនិត្យលទ្ធភាពបន្តផ្តល់ការគាំទ្រលើគម្រោងសំខាន់ៗដទៃទៀត ដែលក្នុងនោះរួមមាន៖ គម្រោងទាក់ទងនឹងការថែទាំជួសជុលផ្លូវថ្នល់ គម្រោងផែនការមេស្ដីពីហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន គម្រោងផែនការ មេ ដឹកជញ្ជូនសាធារណៈ ក៏ដូចជាចូលរួមគាំទ្រ និងសហការជាមួយនឹងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

លោកស្រី Jyotsana Varma ក៏បានសំដែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការបន្តសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សូមជម្រាបជូនថា៖ លោកស្រី Jyotsana Varma បានបំពេញការងារក្នុងវិស័យអភិវឌ្ឍន៍នេះ អស់រយៈ ពេលជាង២៩ឆ្នាំមកហើយ ហើយលោកស្រីត្រូវបានតែងតាំង ជានាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា នៅក្នុងខែកក្កដា ឆ្នាំ២០២២ ថ្មីៗនេះ៕