(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ដោយសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ការិយាល័យចរាចណ៍ផ្លូវគោកខេត្ត។

យុទ្ធនាការនេះ មានការអញ្ជើញជាអធិបតីពីសំណាក់ លោក កង ប៊ន អនុប្រធានគណៈកម្មាធិការសាខា តំណាងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងអញ្ជើញចូលរួមពីមន្ត្រីប្រតិបត្តិ និងមន្ត្រីសុវត្ថិភាពចរាចរណ៍ មន្រ្តីការិយាល័យនគរចរាចរណ៍ផ្លូវគោកខេត្ត យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបចំនួន ៦៣នាក់។

ក្នុងឱកាសបើកយុទ្ធនាការខាងលើនេះ លោក កង ប៊ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា។

លោកអនុប្រធាន បានគូសបញ្ជាក់ថា «បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជាយើង មានសភាពធូរស្រាល ដែលបើកឱកាសដល់ការធ្វើដំណើរតាមដងផ្លូវកាន់តែមមារញឹកនោះ, គ្រោះថ្នាក់ចរាចរណ៍នៅជាបញ្ហាគួអោយព្រួយបារម្ភចំពោះសោកនាដកម្មនេះ ហើយមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះគឺមកពីមនុស្សម្នាក់ៗដែលមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជាការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម»

លោក កង ប៊ន បានថ្លែងបន្តថា «ទន្ទឹមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាដែរ។ ក៏ប៉ុន្តែបញ្ហាទាំងអស់នេះ យើងអាចចូលរួមទប់ស្កាត់ កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ។ ហេតុដូចនេះ ភារកិច្ចរបស់យើង គឺចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើង ឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា»

សូមបញ្ជាក់ថា យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍ក្រុមការងារបានចែកជូនប្រជាពលរដ្ឋ សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក ១២០ក្បាល សៀវភៅម៉ូតូអ្វីដែលអ្នកបើកបរទោចក្រយាយយន្តត្រូវដឹ ២៥០ក្បាល លក្ខណបណ្ណអ្វីដែលអ្នកបើកបរត្រូវដឹង ៣៥០សន្លឹក ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកបើកបរប្រើប្រាសផ្លូវ ៣៥០សន្លឹក ស្ទីកឃ័រចំណាំងផ្លាត ៦០០បន្ទះ Poster មួកសុវត្ថិភាព៥០ បណ្ណប្រកាសខ្ញុំអាចធ្វើបានគោរពសិទ្ធិជនពិការ២៥០សន្លឹក បណ្ណប្រកាសមួកសុវត្ថិភាព ៥០សន្លឹក ជែលចំនួន១៦៨ដប សម្រាប់ជូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវផងដែរ៕