(ភ្នំពេញ)៖ លោក ឯក សេរីវុធ អធិការរងទទួលផែនយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយនគរបាលមូលដ្ឋានប៉ុស្ដិ៍ព្រែកលៀប បានចាប់ខ្លួន ជនសង្ស័យចំនួន២នាក់ ដកហូតថ្នាំញៀនចំនួន១កញ្ចប់ និងម៉ូតូ១គ្រឿងផងដែរ ។

លោក ឯក សេរីវុធ បានប្រាប់ថា កម្លាំងនគរបាលខណ្ឌ និងកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ក្នុងភូមិសាស្ត្ររបស់លោកស្ទើរៀងរាល់ យប់ជាពិសេសគោលដៅផ្លូវជាតិលេខ៦ បានចុះល្បាតដើម្បីពង្រឹងបញ្ហាសន្តិសុខ។ ជាក់ស្តែងយប់មិញ ពេលកំពុងល្បាតនោះកម្លាំង នគរបាលរបស់យើងបានប្រទះឃើញយុវជន២នាក់ ជិះម៉ូតូ១គ្រឿង មានការសង្ស័យក៏ឃាត់ ធ្វើការឆែកឆេរស្រាប់តែរកឃើញថ្នាំញៀន ១កញ្ចប់ធំ ដែលអាចច្រកជាកញ្ចប់តូចៗ បានច្រើនកញ្ចប់សង្ស័យជាម៉ាទឹកកក ដែលជនទាំងនេះបានលាក់ទុកនូវនិងខ្លួនបម្រុងយក ទៅធ្វើសកម្មភាពប្រើប្រាស់ និងជួញដូរ។

ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ១ គ្រឿងម៉ាកសង់ឌ្រីមC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1C-1825 ដែល ជនសង្ស័យជិះធ្វើសកម្មភាព។ លោក ឯក សេរីវុធ បានប្រាប់ទៀតថា ជនត្រូវឃាត់ខ្លួន៖ទី១-ឈ្មោះ ពុក ប៊ុនទើម អាយុ២៣ឆ្នាំមាន មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ ហៃ ហ៊ុយ អាយុ២១ឆ្នាំ មានមុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ មានស្រុកកំណើត នៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោក ឯក សេរីវុធ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសួរនាំ ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបាន បញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តតាមនីតិវិធីរបស់អយ្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ៕