(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពគាស់ សោទ្វារបន្ទប់ជួលរបស់ជនរងគ្រោះ ដើម្បីលួចទ្រព្យសម្បត្តិផ្សេងៗ ស្រាប់តែត្រូវជនរងគ្រោះ មកទាន់ចាប់ក្របួចជាប់ប្រគល់ជូន កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ រួចវាយខ្នោះទាំងព្រឹកព្រលឹមតែម្ដង។

ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចបន្ទប់ជួលលេខ៦ ផ្លូវបេតុង ក្រុម២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា ជនត្រូវឃាត់ខ្លួនឈ្មោះហេង សុខសំ អាយុ២៣ឆ្នាំ មានមុខរបរជាជាងឈើ ស្នាក់នៅម្ដុំផ្លូវរទេះភ្លើង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រីឯជនរងគ្រោះឈ្មោះ សួស សារឿន ភេទស្រី អាយុ១៧ឆ្នាំ មានមុខរបរជាកម្មការិនី ស្នាក់នៅបន្ទប់ជួលកើតហេតុខាង លើនិងមានស្រុកកំណើត នៅភូមិគីសោម ឃុំគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងទៀតថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនត្រូវជាប់សង្ស័យ នៅមុនពេលកើតហេតុ ជនត្រូវសង្ស័យបានធ្វើសកម្មភាពឆ្កិះ គាស់សោបន្ទប់ផ្ដាច់ រួចក៏ចូលទៅក្នុងដើម្បីលួចទ្រព្យសម្បត្តិ ខណៈដែលជនត្រូវជាប់សង្ស័យកំពុងរើរុះ ត្រៀមយកម៉ាស៊ីនស្វាន១គ្រឿង ដើម្បីរត់ចេញ ស្រាប់តែជនរងគ្រោះមកទាន់ស្រែកឲ្យអ្នករស់នៅក្បែរ នោះជួយចាប់ឃាត់ជាប់ភ្លាមៗតែម្ដង ដោយជនត្រូវសង្ស័យពុំទាន់លួចយកបានសម្ភារអ្វីនោះឡើយ។ បច្ចុប្បន្នជនត្រូវសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ ធ្វើការបញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីតាមច្បាប់៕