(ម៉ាឡេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់បញ្ចប់ជំនួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Datuk Seri Najib Tun Razak រួចមក នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានធ្វើសន្និសីទកាសែតរួមគ្នាជាមួយ ដើម្បីបញ្ជាក់ពីលទ្ធផល នៃជំនួបដ៏មានតម្លៃនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននោះ សម្តេចជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាគ្នានេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ចង់ឲ្យទំនាក់ទំនងនៃប្រទេសទាំង២ កាន់តែរីកចម្រើនធំធាត់ឡើងថែមទៀត និងចង់ឃើញទំហំពាណិជ្ជកម្មទាំង២កាន់តែរីកធំឡើង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងទៀតថា ប្រទេសកម្ពុជាចង់បាននូវការវិនិយោគរបស់ប្រទេសម៉ាឡេស៊ី ឲ្យកាន់តែច្រើនឡើង ជាមួយនឹងការផ្តល់អាហារូបករណ៍ ដល់សិស្ស និស្សិតកម្ពុជា ឲ្យបានមកសិក្សា នៅម៉ាឡេស៊ីមានចំនួនច្រើន បន្ថែមទៅដោយការបញ្ជូនពលករកម្ពុជា ស្របច្បាប់មកកាន់ប្រទេសម៉ាឡេស៊ីផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់ម៉ាឡេស៊ី ដែលបានជួយដល់កម្ពុជា ពាក់ព័ន្ធផ្នែកសាសនាដោយបានជួយដល់ ប្រជាជនកាន់សាសនាឥស្លាម មានការងារធ្វើ និងមានជីវភាពសមរម្យ និងជាពិសេសម៉ាឡេស៊ី ក៏បានជំរុញការធ្វើពាណិជ្ជកម្មម្ហូបអាហារនៅកម្ពុជាទៀតផង។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន២ រួមមាន៖ ១-អនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស និង ២-អនុស្សរណៈយោគយល់ ស្តីពីកម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិ MYCORPS នៅកម្ពុជា៕