(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សត្រៀមខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុឱ្យកាន់តែទូលំទូលាយ និងការរៀបចំការបណ្តុះបណ្ដាលទទួលបានលទ្ធផលល្អប្រសើរ។
តាមរយៈសេចក្តីប្រកាសរួមរវាងក្រសួងទាំងពីរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នៅក្នុងបរិការណ៍ដែលពិភពលោកកំពុងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងល្អរឈម និងផលប៉ះពាល់ដែលបានបង្កឡើងដោយសារប្រែប្រួលអាកាសធាតុ តាមរយៈការចាត់វិធានការបន្សាំុក៏ដូចជា៖ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទាំងក្នុងកម្រិតអន្តរជាតិ និងកម្រិតតំបន់ព្រះរាជាណាចក្រកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ និងបានចាត់វិធានការជាបន្តបន្ទាប់ ជាពិសេសលើកជាគំនិតផ្តួចផ្ដើមក្នុងការបង្កើត «កិច្ចព្រមព្រៀងបៃតងអាស៊ាន» (ASEAN Green Deal) ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដែលនឹងចូលរួមចំណែកនៅក្នុងដំណើរឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការគ្រប់គ្រងនឹងប្រើប្រាស់ ធនធានប្រកបដោយប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច ប្រកបដោយភាពធន់នឹងអាកាសធាតុ។
សម្រាប់ខ្លឹមសារសំខាន់ៗ នៃសេចក្តីប្រកាសរួមរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំរួមមាន៖
*បន្តបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិ ព្រមទាំងផែនការអភិវឌ្ឍន៍ និងផែនការថវិកាក្នុងវិស័យអប់រំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
*ចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដើម្បីលើកកម្ពស់ការបណ្ដុះបណ្ដាល ការផ្សព្វផ្សាយ និងកសាងសមត្ថភាពស្តីពីប្រែប្រួលអាកាសធាតុ នៅតាមគ្រឹះស្ថានអប់រំគ្រប់លំដាប់ថ្នាក់។
*រៀបចំឯកសារ និងសំភារឧបទ្ទេសស្តីពីការប្រែប្រួលអាកាសធាតុតាមការចាំបាច់សម្រាប់គ្រូបង្រៀន និងសិស្សានុសិស្សគ្រប់កម្រិត (នៅកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ)។
*បន្តបញ្រ្ជាបការប្រែប្រួលអាការធាតុ ទៅក្នុងកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា (កម្មវិធីសិក្សារបស់សាកលវិទ្យាល័យ) ជាពិសេសការបង្កើតមុខវិជ្ជា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) ស្តីពីការប្រួលអាកាសធាតុ។
*ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) គម្រោងការជាដៃគូ សម្រាប់ការសិក្សាស្រាវជាវបាននឹងកំពុងផ្ដល់ដល់សាកលវិទ្យាល័យសាធារណៈចំនួន០៣ ដោយផ្ដោតលើទី១៖ ផលប៉ះពាល់នៃការកើនឡើងកម្ដៅចំពោះវិស័យអប់រំ កាត់ដេរ និងសំណង់, ទី២៖ វិធានការដោះស្រាយការប្រែប្រួលអាកាសធាតុដោយផ្អែកលើធម្មជាតិ លើបញ្ហាការជន់លិចទីក្រុងក្នុងតំបន់ឆ្នេរ និងទី៣៖ ហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សមត្ថភាពបង្ខាំងកាបូនសេរីរាង្គនៅក្នុងដី។
* រៀបចំសម្ភារឧបទ្ទេសប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការសិក្សាស្វែងយល់របស់សិស្សានុសិស្ស «ការរៀនក្រៅថ្នាក់» ស្តីពីការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាននានា។
*លើកកម្ពស់យ៉ាងទូលំទូលាយទស្សនាទានស្តីពីសាលាមេត្រីបរិស្ថាន ជាពិសេសការបង្កើតក្លឹបមេត្រីបរិស្ថាន (Eco-club) ដែលសិស្សអាចបង្កើនការសិក្សាស្វែងយល់ពីការប្រែប្រួលអាកាសធាតុ និងការអប់រំបរិស្ថាននៅក្នុងសាលា និងនៅតាមសហគមន៍របស់ខ្លួនត្រូវសិក្សាស្រាវជ្រាវ និងវាយតម្លៃភាពងាយរងគ្រោះ សម្រាប់វិស័យអប់រំ ដែលជាផ្នែកមួយនៃការអនុវត្តការបច្ចុប្បន្នភាពការចូលរួម ចំណែករបស់ជាតិ (Updated NDC) នៅក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។
*ជំរុញឱ្យមានកម្មវិធីប្រឡងប្រណាំងនៅតាមគ្រឹះស្ថានអប់រំសិក្សា ជាពិសេសាកលវិទ្យាល័យ ទៅលើសកម្មភាពបន្សាំុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
*រៀបចំសូចនាករ ប្រមូលទិន្នន័យសម្រាប់ការតាមដានផលប៉ះពាល់ និងការចាត់វិធានការបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមសាលារៀន និងសហគមន៍ ដូចជាគ្រោះរាំងស្ងួត រលកកំដៅ ទឹកជំនន់ និងខ្យល់ព្យុះ សំដៅបញ្ជៀសផលប៉ះពាល់ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនដែលធន់នឹងអាកាសធាតុ (ដូចជាការបំពាក់ និងការទទួលបានទឹកស្អាតប្រើប្រាស់ និងអនាម័យ, ការដោះស្រាយកំណើនសីតុណ្ហភាពខ្ពស់ តាមរយៈការដាំដើមឈើ ការប្រើកង្ហារ និងការការពារនេ្ទះជាដើម)។
បន្ថែមពីនេះ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តតាមដានការវិវត្តសភាពការណ៍ថ្មីៗ នៃការប្រែប្រួលអាកាសធាតុ ព្រមទាំងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការល្អ ក្នុងការអនុវត្តវិធានការខាងលើប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕