(ភ្នំពេញ)៖ តារាចម្រៀងកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យប្រចាំក្នុងផលិតកម្ម ថោន លោក ប៉ុន សុណារិន្ទ ហៅខេម នឹងរៀបចំធ្វើ សន្និសីទកាសែត នៅពេលខាងមុខដ៏ខ្លីនេះ ដើម្បីបំភ្លឺជុំវិញ សំណុំរឿងគ្រោះថ្នាក់ចរាចរដែលបានកើតឡើង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ បណ្ដាលឲ្យបុរសជនជាតិខ្មែរឥស្លាមម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ ខណៈដែលមេធាវីការពារក្ដីឲ្យជនរងគ្រោះ បានបង្ហើបថា សំណុំរឿងនេះត្រូវបានបិទបញ្ចប់ហើយ តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ដោយក្រុមគ្រួសារជនរងគ្រោះ ព្រមទទួល​យកសំណង ចំនួន៤ពាន់ដុល្លារ ហើយក៏មិនបានប្ដឹងផ្ដល់ អ្វី​បន្តទៀតដែរ។

តារាចម្រៀងសំនៀងស្អក ខេម បានថ្លែងប្រាប់ Fresh News នៅមុននេះបន្ដិចថា លោកសុំមិន​និយាយអ្វីឲ្យលំអិត ជាងនេះទេពោល លោកទុករឿងនេះ ដើម្បីបកស្រាយ​​នៅក្នុងកម្ម​វិធីសន្និសីទកាសែត នៅរយៈពេលដ៏ខ្លីខាងមុខនេះ ដែលផលិតកម្មក៏ដូចជារូបលោកជា អ្នករៀបចំក្នុងន័យធ្វើការបកស្រាយ ឲ្យមហាជនបានដឹងថា តើនរណាខុសនរណាត្រូវ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបាន កើតឡើងកាលពីកន្លះខែមុននេះ ។

ដោយឡែកចំពោះសំណងចំនួន ៤ពាន់ដុល្លារ ដែលក្រុមគ្រួសារ ខេម ផ្ដល់ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះនោះ ត្រូវបាន ខេម បញ្ជាក់ យ៉ាងច្បាស់ថា ប្រាក់៤ពាន់ដុល្លារនោះ មិនមែនជាសំណងទេ ពោលគឺជាមនោសញ្ចេតនា របស់លោកផ្ទាល់ផ្ដល់ជូនដល់ជនរងគ្រោះ ព្រោះធ្វើយ៉ាងម៉េច បើគ្នាបានស្លាប់ទៅហើយ លោកក៏អាណិតជាសូរខ្លាំង ហើយនរណាៗ ក៏មិនចង់ឲ្យកើតឡើងដែរ​។

«ខ្ញុំចង់ប្រាប់ថា ប្រាក់៤ពាន់ដុល្លារ ដែលខ្ញុំជូនគ្រូសារអ្នកស្លាប់នោះ គឺមិនមែនជាសំណងទេ តែវាជាមនោសញ្ចេតនា ដែលខ្ញុំអាណិត អាសូរដល់គ្រួសារអ្នកស្លាប់ បើខ្ញុំសងលុយបានន័យថា ខ្ញុំជាអ្នកខុសបាត់ទៅហើយ តែរឿងនេះខ្ញុំមិនមែនជាអ្នកខុសទេតែអ្នកស្លាប់ ក៏គាត់ស្លាប់ ដោយសេចក្ដីថ្លែថ្នូដែរ..!»។ នេះជាសម្ដីអះអាងរបស់ ខេម ថ្លែងប្រាប់ Fresh News នៅមុននេះបន្តិច ។  

ដោយឡែកលោក ហ៊ីន ណារិទ្ធ មេធាវីការពារក្ដីឲ្យជនរងគ្រោះ ក៏បានថ្លែងប្រាប់ Fresh News នៅព្រឹកមិញដែរនេះថា តាមការពិត សំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ នោះត្រូវបានបញ្ចប់រួចរាល់អស់ហើយ ដោយកូនក្ដីរបស់លោក ព្រមទទួលយកសំណងចំនួន ៤ពាន់ដុល្លារ ពីគ្រួសារ ខេម ហើយក៏យល់ព្រមមិនបន្តប្ដឹងប្ដល់ អ្វីទៀតដែរ ដោយគ្រួសារជនរងគ្រោះ គិតថា តារាចម្រៀង ខេម ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏មិនចង់ឲ្យខូចកេរ្តិ៍ឈ្មោះគ្នា នោះឡើយ។ ម្យ៉ាងទៀតបើប្ដឹងប្ដល់ទៅត្រូវការចំណាយ ពេលវេលា ប្រាក់កាស បន្ថែមទៀត នាំឲ្យខាតបង់ទាំងអស់គ្នា​ ទើបគ្រួសារជនរងគ្រោះ ព្រមបញ្ច​ប់ក្នុងនាមមនោសញ្ចេតនាបែបនេះ តែម្ដង។

ទោះបីជាភាគីទាំងពីរ បានព្រមព្រៀងគ្នាបញ្ចប់ ដោយមានការយោគយល់គ្នាខ្ពស់បែបនេះក្ដី ប៉ុន្តែសំណុំរឿងរបស់តារាចម្រៀង ខេម ​ត្រូវបានសមត្ថកិច្ចចរាចរណ៍ ​បញ្ចូនទៅដល់តុលាការហើយ ពោលគឺលើលោកព្រះរាជអាជ្ញារង សៀង សុខ ជាអ្នកកាន់សំណុំរឿងនេះ ហើយគេមិនទាន់ដឹងថា នឹងត្រូវកោះហៅបំភ្លឺ នៅថ្ងៃណានោះទេ ។

សូមបញ្ជាក់ថា ​កាលពីម៉ោង១២៖៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថាននីយប្រេង សូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ បានស្លាប់ដោយគៀបជាប់នៅក្នុងរថយន្ត ដោយសារតែបើករថយន្តបុកជាមួយ នឹងរថយន្តសេរីទំនើប ១គ្រឿងទៀត ម៉ាក RANGE ROVER ដែលត្រូវបានគេស្គាល់ថា ជារបស់តារាចម្រៀងមួយរូប និងជាអ្នកបើកផងដែរ ដោយបើកក្នុងទិសដៅបញ្ច្រាសគ្នារួចក៏បុកគ្នា ចំពីមុខពេញទំហឹងតែម្តង។ ​

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាម បណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងនិង មានរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿន ដូចគ្នាទិសដៅបញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ Celica ស្លាប់គៀបជាប់ក្នុងរថយន្ត៕