(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ បាននាំយកអំណោយ​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១៥គ្រួសារ ក្នុងសង្កាត់រលួសខណ្ឌដង្កោ។

អំណោយដែលត្រូវយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រទាំង១៥គ្រួសារ ក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង១+ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា៣ម៉ឺនរៀល។ ជាមួយគ្នានេះ ព្រះគ្រូចៅអធិការវត្តព្រះធាតុ សង្កាត់រលួស បានប្រគេនបន្ថែម​ក្នុងមួយគ្រួសារ​ទទួលបាន គ្រឿងឧបភោគ បរិភោគ០១កញ្ចប់ ផងដែរ។ 

លោក នុត ពុធដារ៉ា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ អំពីការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម ដែលជានិច្ចកាលតែងបាន​យកចិត្តទុកដាក់​គិតគូរ​ដល់​បងប្អូន​ទាំងអស់នៅទូទាំង​ប្រទេស និងតែងបានផ្តាំផ្ញើដល់សាខា អនុសាខាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរទាំងអស់ ឲ្យយកចិត្តទុកដាក់​ដល់ការ​លំបាក​របស់បងប្អូន​ទាំងអស់នៅ​មូលដ្ឋាន។

លោកអភិបាល ក៏បានពាំនាំការសាកសួរសុខ​ទុក្ខ​ពីសំណាក់​សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូន​ប្រជាពលរដ្ឋក្រីក្រ​ទាំងអស់​នាថ្ងៃនេះ។ ជាពិសេសសូម​បងប្អូន​ប្រជាពល​រដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាតរស់នៅស្អាត ដើម្បីបន្តរស់នៅបានយូរអង្វែង រង់ចាំមើលការអភិវឌ្ឍរីក​ចម្រើនឥតឈប់​ឈររបស់​ប្រទេសជាតិ​យើង​បន្តទៀត៕