(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់កំពូលផុតលេខរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្តាំផ្ញើទៅព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឲ្យចេះធ្វើកិច្ចការងារ រដ្ឋបាលច្រើនជាងនេះផង កុំប្រើគោរម្យងារជាព្រះអង្គម្ចាស់ធ្វើជាអ្នកចេះ ហើយបើល្ងង់មិនចេះ សូមទៅសួរកម្មករសំណង់ ឬរៀនសូត្រពីកម្មករសំណង់ ព្រោះកម្មករសំណង់ចេះច្រើនណាស់នាសម័យនេះ ហើយចេះច្រើនជាងព្រះអង្គម្ចាស់ទៅទៀត។

ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់មន្រ្តីជាន់ខ្ពស់កំពូលផុតលេខរបស់កម្ពុជា បានធ្វើឡើងបន្ទាប់ពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ តំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ បានផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា «មកដល់ពេលនេះ ទីស្តីការគណៈរដ្ឋមន្រ្តីអត់ទាន់បានបង្ហោះនូវព្រះរាជសាររបស់​ ព្រះករុណា នរោត្តម សីហមុនី ជូនសម្តេចតេជោ ហ៊ុន សែន ទេ។ បើសិនជាមានមែនគួរណាតែគណៈរដ្ឋមន្រ្តីផ្សព្វផ្សាយ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ដោយផ្ទាល់ពីប្រទេសម៉ាឡេស៊ី តាមរយៈអង្គភាពព័ត៌មាន Fresh News ផ្ញើទៅកាន់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា «រាល់ការចេញលិខិតទាំងឡាយរបស់ទីស្តីគណៈរដ្ឋមន្រ្តី បើពុំមានបញ្ជា និងចំណារពីនាយករដ្ឋមន្រ្តី លើព្រះរាជសាររបស់ព្រះមហាក្សត្រទេនោះ គឺមិនអាចចេញជាដាច់ខាត។ សូមផ្តាំទៅព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ គួរឲ្យទៅរៀនពីកម្មករសំណង់លើកិច្ចការរដ្ឋបាល បើល្ងង់មិនចេះនោះ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខាងក្រោមនេះជាភស្តុតាង ចំណាររបស់ខ្ញុំនៅលើព្រះរាជសាររបស់ព្រះមហាក្សត្រ សូមមើលឲ្យច្បាស់»៕