(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចាត់តាំងលោកគង់ វុទ្ធី រួមជាមួយសាខាកាំកុងត្រូលរាជធានីភ្នំពេញ បាន​សហការណ៏ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីចុះត្រួតពិនិត្យទំនិញនៅតាមផ្សារទំនើប ហាងលក់ទំនិញ និងនៅតាមផ្សារមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ​ដើម្បី​ត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ។

មន្ត្រីសាខាកាំកុងត្រូលបានអោយដឹងថាគោលបំណងនៃការចុះត្រួតពិនិត្យ និងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើស្លាកសញ្ញាដែលជនខិលខូចមួយចំនួនបានលួច បញ្ចេញទំនិញមក​លក់នៅ​លើទីផ្សារ​ក្នុងរាជធានីភ្នំពេញ និងពង្រឹងការ​យល់ដឹង អំពីបញ្ហាសុវត្ថិភាពម្ហូបអាហារដល់បងប្អូនអាជីវករនិង អ្នកប្រើប្រាស់។

លោកគង់ វុទ្ធី ដែលបានចូលរួមចុះធ្វើការត្រួតពិនិត្យជាមួយមន្ត្រីមួយចំនួនទៀតបានថ្លែងប្រាប់អោយដឹងថា មានផ្សារឯកជនចំនួនពីរត្រូវបានចុះត្រួតពិនិត្យរួមមានផ្សារលឹម តាយសេង និងជា សេងទ្រី នៅ​ក្នុងខណ្ឌទួលគោក តែកម្លាំងរបស់លោកមិនបាន​រកឃើញមានទំនិញ​ល្មើសច្បាប់ដាក់តាំងលក់នោះទេ ហើយខាងម្ចាស់ផ្សារ​ក៏បានសហការ និងទទួលយកនូវការ​ណែនាំពីមន្ត្រី​ជំនាញផងដែរ។​ក្រៅពីផ្សារទាំងពីរខាងលើនេះ លោកនឹងបន្តចុះត្រួតពិនិត្យ​នៅតាមទីផ្សារផ្សេងៗ​ជាបន្តបន្ទាប់ទៀត៕