(សៀមរាប)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងមានការចូលរួមពី រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ប្រទេស មន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន តំណាងពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងតំណាងពីស្ថាប័នពាក់ព័ន្ធ។
ថ្លែងក្នុងឱកាសនៃ កិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលបានរៀបចំឲ្យមានជាកិច្ចប្រជុំនេះឡើង ដើម្បីជជែកពិភាក្សាត្រង់ទៅត្រង់មកអំពីស្ថានភាពនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានលើកយកចំណុចសំខាន់ៗចំនួន ៨ ចំនុច មកពិភាក្សារួមមាន៖
១៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ - ការធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅជាងមុន ដែលនាំឲ្យមានភាពធន់នឹងវិបត្តិ។
២៖ ការថែទាំសុខភាព
៣៖ ការផ្លាស់ប្តូរទៅជាថាមពលបៃតង
៤៖ ការបម្លែងជាឌីជីថល
៥៖ ការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងភាពធន់នឹងវិបត្តិ
៦៖ ការផ្តោតលើការបង្កើតការងាររបស់សហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម
៧៖ សេដ្ឋកិច្ចចក្រា
៨៖ ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល និង ចុងក្រោយបច្ចុប្បន្នភាព ពីក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចមីយ៉ាន់ម៉ា
បន្ថែមពីលើនេះ អ្នកឧកញ៉ាប្រធានបានស្នើ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បង្កើតក្រុមការងារបច្ចេកទេស ដើម្បីធ្វើការផ្ទាល់ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ ប្រទេស និងអគ្គលេខាធិការអាស៊ាន បានទទួលយកទៅពិចារណានូវរាល់អនុសាសន៍នានាដែលក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានលើកឡើង ព្រមទាំងបានជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធក្រោមឱវាទសហការជិតស្និទ្ធជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តាមរយៈទូរស័ព្ទលេខ ០១២ ៧៧ ៨៨ ៧៩ ឬ តាមរយៈអ៊ីម៉ែល [email protected]៕