(ភ្នំពេញ)៖ បន្ទាប់ពីមានប្រតិកម្មធ្ងន់ៗពីសំណាក់​ មន្រ្តីជាន់ខ្ពស់កំពូលផុតលេខរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយបានផ្តាំផ្ញើទៅព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឲ្យចេះធ្វើកិច្ចការងារ រដ្ឋបាលច្រើនជាងនេះផង កុំប្រើគោរម្យងារជាព្រះអង្គម្ចាស់ធ្វើជាអ្នកចេះ ហើយបើល្ងង់មិនចេះ សូមទៅសួរកម្មករសំណង់ ឬរៀនសូត្រពីកម្មករសំណង់ ព្រោះកម្មករសំណង់ចេះច្រើនណាស់នាសម័យនេះ ហើយចេះច្រើនជាងព្រះអង្គម្ចាស់ទៅទៀត។

ជុំវិញបញ្ហានេះអ្នកតាមដានស្ថានការណ៍នយោបាយ បានសម្តែងនូវការខកចិត្ត និងសោកស្តាយខ្លាំងណាស់ ដែលព្រះអង្គម្ចាស់ ធម្មិកោ មិនបានស្វែងយល់ និងស្រាវជ្រាវឱ្យបានម៉ត់ចត់ និងបានគ្រប់ជុងជ្រោយ មុននឹងផ្សព្វផ្សាយនូវបញ្ហាណាមួយ ជាពិសេសលើគោលការណ៍របៀបរបបធ្វើការងារ និងនីតិវិធីការងាររបស់រដ្ឋាភិបាល។

អ្នកតាមដានស្ថានការណ៍នយោបាយដដែលរូបនោះ បានបញ្ជាក់យ៉ាងដូច្នោះថា «ខ្ញុំសូមជំរាបជូនថា ទីស្តីការគណៈរដ្ឋមន្ត្រី មានសិទ្ធិតែចេញសេចក្តីជូនដំណឹង (ស.ជ.ណ) តាមចំណារសម្រេចដ៏ខ្ពង់ខ្ពស់បំផុត របស់នាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ រឺឯរឿងញត្តិដែលមានស្នាមមេដៃ ហើយដែលអាចមានភាពមិនប្រក្រតីនេះ គឺព្រះមហាក្សត្របានផ្ញើព្រះរាជសារជូន សម្តេចនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ។ ដូច្នេះឈរលើមូលដ្ឋាននៃព្រះរាជសារ និងចំណាររបស់ សម្តេចនាយករដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញ ស.ជ.ណ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ជូនទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើកោសល្យវិច័យ និងធ្វើការស្រាវជ្រាវ ស្នាមមេដៃទាំងអស់នេះ ចៀសវាងករណីដែលអាចថា ការប្រើប្រាស់ស្នាមមេដៃ ដើម្បីបោកប្រាស់ព្រះមហាក្សត្រ»។

«ដូច្នេះខ្ញុំយល់ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ គប្បីចំណាយពេលឱ្យបានច្រើនជាងនេះទៀត រៀនសូត្រស្វែងយល់ អំពីការងាររបស់រដ្ឋាភិបាល ជាពិសេសគឺត្រូវដឹងបញ្ហាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការវិភាគ នឹងលើកយោបល់» នេះបើយោងតាមសម្តីរបស់អ្នកតាមដានដដែលរូបនោះ៕