(ភ្នំពេញ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Chen Po-liang របស់ក្រុមជម្រើសជាតិចិនតៃប៉ិ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹងអ្នកគាំទ្រនៅលើ បណ្តាញសង្គម Facebook របស់កម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលលោក ផៃ ស៊ីផាន ក្នុងនាមជាកូនខ្មែរ ដែលគំរាមប្រឆាំង​នឹងរូបគេវិញ ពេលមកប្រកួតជើងទី២ នៃវគ្គជម្រុះបឋម ពានរង្វាន់ប្រចាំទ្វីបអាស៊ី Asian Cup 2019 ថ្ងៃទី០៧ ខែមិថុនាខាងមុខ។

តាមរយៈសារព័ត៌មាន China Times ដែលបានដកស្រង់សេចក្តីថ្លែងការណ៍របស់កីឡាករវ័យ២៧ឆ្នាំ Po-liang ឲ្យដឹងថា «ខ្ញុំក៏ដូចមិត្តរួមក្រុម​បាននិយាយដែរថា ​ខ្ញុំមិនបានប៉ះអ្នកទេ! ក្រោកឡើងមក​! តាមពិតបាល់ទាត់ វាតែងតែ មានការអធ្យាស្រ័យឲ្យគ្នាជានិច្ចនៅលើទីលាន ជាមួយនឹងលទ្ធផលឈ្នះ-ចាញ់ គ្រាន់តែជាលទ្ធផលគួរឲ្យ ត្រេកអរប៉ុណ្ណោះ»

ក្នុងសេចក្តីថ្លែងការណ៍នោះដដែលបានបន្តថា «គ្រប់ការប្រកួត នរណាក៏ចង់ឈ្នះដែរ ប៉ុន្តែនោះគ្រាន់តែជាល្បែងមួយ ប៉ុណ្ណោះ ហើយក្រោយពេលបញ្ចប់ការប្រកួត ខ្ញុំក៏បាននិយាយ និងចាប់ដៃកីឡាករកម្ពុជាទៀតផង»

ទន្ទឹមគ្នានោះដែរ Chen Po-liang ក៏បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រចិនតៃប៉ិ និងក្រុមអ្នកគាំទ្រកម្ពុជាផងដែរ ហើយក៏រំពឹងថា អ្នកគាំទ្រកម្ពុជា មិនយកគំនុំគុំគួនរូបលោក ពេលមកប្រកួតជើងទី២​នៅពហុកីឡដ្ឋានជាតិ ថ្ងៃទី០៧ ខែមិថុនាខាងមុខឡើយ ដោយលោកបន្តពង្រឹងសមត្ថភាពខ្លាំងឡើង ដើម្បីជួយក្រុមចិនតៃប៉ិ បើទោះបីជាការប្រកួត នៅលើកឆាកអន្តរជាតិ ជារឿងដ៏គួរឲ្យចាប់អារម្មណ៍ និងស្វិតស្វាញបំផុតនៅលើទីលានក៏ដោយ។

ការឆ្លើយតបរបស់កីឡាករ Chen Po-liang តាមរយៈសារព័ត៌មាន China Times ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានការលោក ផៃ ស៊ីផាន​ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប និងក្នុងនាមជាកូនខ្មែរ សូមសម្តែងនូវការឈឺចាប់ចំពោះការម៉ាក់ងាយដល់ជាតិសាសន៍ខ្មែរ ពីសំណាក់លេខ១៧ របស់ចិនតៃប៉ិ ដែលបានចង្អុលមុខសម្លុតកីឡាករខ្មែរ និងកីឡាករលេខ២១ របស់ចិនតៃប៉ិម្នាក់ទៀត ដែលបានរត់ជាន់លើកីឡាករ អ្នកចាំទីរបស់ខ្មែរ ព្រមទាំងបានស្តោះទឹកមាត់ ហើយដើរធ្វើព្រងើយមិនខ្វល់ពី ឈឺពើតផ្សាររបស់អ្នកចាំទី។ ទង្វើបែបនេះត្រូវបានលោកលើកឡើងថា កីឡាករចិនតៃប៉ិ ជាមនុស្សឃោរឃៅ កុំឲ្យចូលមកស្រុកខ្មែរ ឬចូលរួមការប្រកួត ជាមួយខ្មែរ រហូតដល់មានការសុំទោសជាសាធារណៈ, ជាគំរូអាក្រក់មួយ​មិនមែនជាសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិឡើយ។

ជាមួយនេះដែរ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងតាមរយៈសារព័ត៌មាន Fresh News ទៅវិញថា សុំសរសើរចំពោះសេចក្តីក្លាហានក្នុងនាមជាកីឡាករ ហើយសូមអំពាវនាវដល់អ្នកគាំទ្រ និងកីឡាករគ្រប់រូបត្រូវគោរពក្រមសីលធម៌ក្នុងការ ប្រកួតនាថ្ងៃទី០៧ ខែមិថុនា នៅពហុកីឡដ្ឋានជាតិរបស់កម្ពុជា ដើម្បីទទួលបានភាពថ្លៃថ្នូរ ក្នុងនាមជាម្ចាស់ផ្ទះ និងមិត្តភាព សាមគ្តីភាព ចំពោះប្រទេសដែលស្ថិតទ្វីបអាស៊ីដូចគ្នា ហើយលោកសូមអរគុណទុកជាមុនផងដែរ

សូមជំរាបថា តាមរយៈវិដេអូផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV-News និង Fresh News TV បានឃើញយ៉ាងច្បាស់ថា កីឡាករកម្ពុជា ឈិន ឈឿន បានដួលក្នុងប្រអប់គ្រោះថ្នាក់ ដែលជាការប៉ះទង្គិចគ្នាជាមួយ Chen Po-liang នៅនាទីទី៨០ ចុងម៉ោងក្នុងវគ្គទី២ និងពុំត្រូវបានពិន័យកាតអ្វីឡើយ ក្រៅពីលោកអាជ្ញាកណ្តាលហៅមកព្រមានប៉ុណ្ណោះ ដោយអាចជាកំហុសដោយអចេតនារបស់គេក៏ថាបាន៕