(ភ្នំពេញ)៖ មន្រ្តីតូចតាចដែលដឹងរឿងផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានលួចទម្លាយរឿងសម្ងាត់ប្រាប់ឲ្យដឹងថា៖ លោក យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ បានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីប្រពន្ធនិងកូនស្រីរបស់លោក កឹម សុខា បានបញ្ចេញនូវអាកប្បកិរិយា បង្គាប់បញ្ជា និងគំរាមកំហែងទៅលើអ្នកតំណាងរាស្ត្រជាច្រើនរូបទៀត ខណៈប្រជុំផ្ទៃក្នុងគណៈកម្មាធិការនាយករបស់ គណបក្សប្រឆាំងមួយនេះ កាលពីសប្តាហ៍មុននៅទីស្នាក់ការកណ្តាល ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រ្តីដែលដឹងរឿងយ៉ាងច្បាស់នោះបានទម្លាយទៀតថា៖ កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ ក្នុងពេលប្រជុំអចិន្ត្រៃយ៍បក្ស ប្រពន្ធ និងកូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដែលជាមន្ត្រីតូចតាចក្នុងបក្សអាងសិទ្ធិប្តី និងឪពុកខ្លួនជាប្រធានស្តីទីបានយកអំណាច និងឥទ្ធិពលនេះ ទៅច្រង៉េងច្រង៉ាងក្នុង ពេលកំពុងប្រជុំដោយ កឹម មនោវិទ្យា បានឡើងមានយោបល់ដ៏វែង និងឆ្កាដៃជើង ហើយថែមទាំងបានបង្ខំគណៈអចិន្ត្រៃយ៍ និងឲ្យអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ត្រូវតែចេញមុខការពារទោសកំហុសលោក កឹម សុខា និងគំរាមថា អ្នកតំណាងរាស្ត្រទាំងអស់ ត្រូវតែធ្វើយ៉ាងណាក៏ដោយរារាំង កុំឲ្យសមត្ថកិច្ចចាប់ខ្លួនឪពុកនាងឲ្យសោះ និងបញ្ជាទៅមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតថា ត្រូវតែធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ជាមួយការបញ្ចេញ ប្ញកពារច្រង៉េងច្រង៉ាង។

ដោយទ្រាំមិនបាននូវទង្វើគ្មានសណ្តាប់ធ្នាប់ ខ្វះការគោរពចំពោះចាស់ទុំ ជាពិសេសមិនឲ្យតម្លៃបន្តិចសោះទៅលើ សមាជិកគណៈកម្មាធិការនាយកដទៃទៀត ដែលពួកគេជាមន្ត្រីមានឥទ្ធិពល ក្នុងអង្គប្រជុំនោះលោក យឹម សុវណ្ណ បានឡើងនិយាយកាត់ថា «លោកជំទាវ និងកូនរបស់លោកជំទាវ (កឹម មនោវិទ្យា មិនមែនសមាជិកគណៈអចិន្ត្រៃយ៍ទេ សូមកុំនិយាយថាត្រូវតែ​ធ្វើយ៉ាងនេះ យ៉ាងនោះអ៊ីចឹងមិនត្រូវទេ សូមកុំបង្គាប់បញ្ជាក្នុងនេះ....»។ នៅពេលនោះមន្ត្រីជាន់ខ្ពស់ជាច្រើនរូប បានសំដែងនូវការពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះយោបល់របស់លោក យឹម សុវណ្ណ។

ការបង្ខំឲ្យមន្ត្រីបក្សចេញមកការពារលោក កឹម សុខា ជាប្តី ជាឳពុករបស់ខ្លួន គឺជាការផ្ទេរបញ្ហារបស់បុគ្គល កឹម សុខា មកឲ្យបក្សទទួលរែកពន់។ ធ្វើបែបនេះ វាខុសគោលការណ៍ ដែលមិនគួរប្រពន្ធ និងកូនស្រីរបស់លោក កឹម សុខា មកបង្ខំគេឯងដូច្នេះឡើយ។

ក្រោយពីការរំខានក្នុងអង្គប្រជុំគណៈអចិន្ត្រៃយ៍មកនោះ ព័ត៌មានជាច្រើនស្តីពីទង្វើរបស់ប្រពន្ធ និងកូនស្រីលោក កឹម សុខា បានលេចឮទៅដល់មន្ត្រី គ្រប់ជាន់ថ្នាក់ និងធ្លាយទៅដល់មន្ត្រី​អ្នកគាំទ្របក្សសង្គ្រោះជាតិ នៅតាមបណ្តាខេត្ត ដែលបណ្តាលឲ្យមនុស្សជាច្រើនអន់ចិត្តជាខ្លាំង។ អ៊ីចឹងហើយ ទើបបានជាកម្លាំងនៃការប្រមូលគ្នាឡើងមកហែរញត្តិកាលពីថ្ងៃ៣០ ខែឧសភាកន្លងទៅ មានចំនួនតិចតួច គឺអ្នកចូលរួមគ្នាប្រមាណ ជាង១០០នាក់ប៉ុណ្ណោះ ហើយមន្ត្រីជាន់ខ្ពស់ដែលដឹកនាំកិច្ចការងារនោះ គេសង្កេតឃើញសុទ្ធតែជាអតីតមន្ត្រីស្និទ្ធជាមួយលោក កឹម សុខា កាលពីនៅ​គណបក្ស​សិទ្ធិមនុស្សតែប៉ុណ្ណោះ។ ដោយឡែកក្រុមគាំទ្រ លោក សម រង្ស៊ី និងក្រុមរបស់លោក យឹម សុវណ្ណ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ពួកគេមិនគាំទ្រ និងមិនចូលរួមការ​ហែរញត្តិ  មិនចូលរួមផ្តិតស្នាមមេដៃ បន្លំភ្នែកគេអំពីចំនួនអ្នកផ្តិតមេដៃក្លែងក្លាយ ដើម្បីបានចំនួនច្រើន ឬធ្វើទៅតាមអ្វីដែលជាការបង្គាប់បញ្ជារបស់ប្រពន្ធ និងកូនស្រីលោក កឹម សុខា ទេ។

មន្រ្តីដែលនិយមទម្លាយរឿងសំងាត់របស់ គណបក្សសង្គ្រោះជាតិរូបនោះអះអាងថា៖ មនុស្សកូតា ប្រតិបត្តិខាងគណបក្ស សម រង្ស៊ី គឺមិនចូលរួមក្នុង សកម្មភាពប្រមូលផ្តុំ ឬក៏ចំណាយពេលវេលា របស់ពួកគេ មកទីស្នាក់ការគណបក្សសង្គ្រោះជាតិឡើយ គឺមនុស្សចន្លោះពី៣០ ទៅ៤០នាក់ដែលមានជាប្រចាំថ្ងៃ នៅមុខទីស្នាក់ការបក្សសង្គ្រោះជាតិ មានតែពួកដែលធ្លាប់បាន ទទួលផលប្រយោជន៍ ពីលោក កឹម សុខា តែប៉ុណ្ណោះ។

ទង្វើរបស់ប្រពន្ធ និងកូនស្រីលោក កឹម សុខា បានជះឥទ្ធិពលយ៉ាងខ្លាំង ប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកគាំទ្រគណបក្សនេះ  ដោយម៉្យាងពួកគេបានដឹងថា លោក កឹម សុខា មកដល់ម៉ោងនេះ​គ្មានឥទ្ធិពល​អ្វីក្នុងគណបក្សសង្គ្រោះជាតិទៀតទេ ដោយសារតែគាត់ក្លាយជាជនជាប់ចោទ ក្នុងបទល្មើសជាក់ស្តែង បន្ទាប់ពីគាត់បដិសេធមិនចូលខ្លួន តាមការកោះហៅរបស់តុលាការ គឺលោក កឹម សុខា ប្រឈមនឹងផ្លូវច្បាប់ធ្ងន់ធ្ងរ។

អ្នកវិភាគនយោបាយនៅកម្ពុជាបានយល់ថា ការជល់ជាមួយគណបក្សកាន់អំណាច និងភ្លាត់ស្នៀតជាប់ក្នុងនីតិវិធីផ្លូវច្បាប់ដូច្នេះ គេអាចព្យាករណ៍បានថា លោក កឹម សុខា នឹងបាត់បង់ដំណែង​ជាប្រធានស្តីទីបក្ស បាត់សិទ្ធិឈរឈ្មោះបោះឆ្នោតនៅពេលខាងមុខទៀត ។ ដូច្នេះពួកអ្នកគាំទ្រ បានងាកចេញពីលោក កឹម សុខា ហើយពួកគេកំពុងសម្លឹងរកមើលអ្នកដឹកនាំថ្មី ដែលនឹងត្រូវជំនួសលោក កឹម សុខា។ ពួកគេបានយល់យ៉ាងច្បាស់ថា បញ្ហារបស់លោក កឹម សុខា គឺស្តារលែងបានហើយ គឺបើកាន់តែរើ កាន់តែជាប់ផុងខ្លាំង វាដូចជាខ្នោះជាប់ដៃដូច្នោះដែរ។

អ្នកវិភាគបានអះអាងថា ពេលនេះគេអាចយល់បានថា ការរង្គោះរង្គើរបែកបាក់ មិនមែនជារឿងតូចតាចនោះទេ ក្នុងខណៈបក្សប្រឆាំងមួយនេះ គ្មានមេកើយច្បាស់លាស់ ហើយការបង្ហាញវត្តមាន បង្កភាពរញ៉េរញ៉ៃក្នុងគណៈអចិន្ត្រៃយ៍កាលពីថ្ងៃមុន វាជាដុំភ្លើង ដុតបំផ្លាញបន្ថែមទៀតទៅលើ លោក កឹម សុខា ដែលកំពុងបាត់បង់អ្នកគាំទ្រយ៉ាងគំហ៊ុក។ បក្សសង្គ្រោះជាតិកំពុងបាត់ម្ចាស់ការ មិនដឹងជាអ្នកណាស្តាប់អ្នកណាឡើយ គឺសព្វថ្ងៃកំពុងបែកជាបំណែកៗ។

ដំណឹងថ្មីមួយទៀត បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ លោក កឹម សុខា ដែលកំពុងវ័ណ្ឌកជាមួយផ្លូវច្បាប់ នឹងធ្វើពិធីរាប់បាត្រ ចំពោះសង្ឃចំនួន១២៣អង្គ ដើម្បីប្រោះព្រំលើករាសី ប៉ុន្តែបើគិតតាមទស្សនៈព្រះពុទ្ធសាសនា អំពើបាបដែលបុគ្គលណាបានសាង គឺបុគ្គលនោះជាអ្នកទទួល ដូច្នេះការប្រព្រឹត្តកាមគុណជាប់ដោយរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា គឺជាអំពើបាបមួយដ៏ធ្ងន់ធ្ងរដែលបំពានទៅនឹងពុទ្ធឱវាទ អ៊ីចឹង បាបកម្មនេះ ព្រះប្រោសមិនបានឡើយ៕