(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណការ និងដឹកជញ្ជូន នានឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមក្នុងពិធីកាន់បិណ្ឌ៥ នៅវត្តសុវណ្ណគិរី (ហៅវត្តពើងបាក់រទេះ) ឋិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងពុទ្ធបរិស័ទចំណុះជើងវត្តសរុបប្រមាណ១០០នាក់។

ក្នុងពិធីកាន់បិណ្ឌ៥នេះ លោកទេសរដ្ឋមន្ត្រី និងមន្ត្រីរាជការក្រសួង បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ព្រមទាំងបានរៀបចំប្រារព្វពិធីតាមបែបសាសនា រាប់បាត្រ ពូនភ្នំខ្សាច់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោក និងបានបួងសួងសូមឱ្យវត្ថុស័ក្កិសិទ្ធិទាំងពួងតាមជួយថែរក្សាទំនុកបម្រុងចម្រុងចម្រើនដល់មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសតាមជួយថែរក្សាប្រទេសជាតិយើងឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ្រឹស្តសករាជ ២០២២ នេះ លោកទេសរដ្ឋមន្ត្រី ក៏បានបួងសួងសូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន សំបូរសប្បាយ និងមានសុវត្ថិភាពក្នុងពេលធ្វើដំណើរ៕