(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងការត្រៀមខ្លួនទាញយកផលប្រយោជន៍នៅក្នុងបរធនបាលកិច្ច តាមរយៈការចាប់ដៃគូរជាយុទ្ធសាស្រ្តនានា ខណៈបរធនបាលកិច្ច ជាស្ថាប័នធានាដល់ហានីយភ័យ ជាពិសេសប្រតិបត្តិការលំហូរមូលធន។
លោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៃអាជា្ញធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច នៅកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ការចុះអនុស្សារណៈយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីត្រឹមខ្លួនទាញយកផលប្រយោជន៍នៅក្នុងបរធនបាលកិច្ច។
លោកបន្ដទៀតថា នៅក្នុងជំហានដំបូងនេះ និយ័តករបរធនបាលកិច្ច និងជំរុញបណ្តុះបណ្តាល ការផ្សព្វផ្សាយអំពីផែនការសកម្មភាពផ្សេងៗ ដើម្បីឲ្យឆ្លើយតបនូវរាល់សំណូមពរពាក់ព័ន្ធ នៃដំណើរចុះបញ្ជីបរធនបាលកិច្ច ក្នុងគោលដៅសម្រេចឲ្យបាននូវការយល់ដឹងឲ្យកាន់តែទូលំទូលាយ នៅក្នុងវិស័យបរធនបាលកិច្ច ក៏ដូចជាវិស័យមូលបត្រទាំងមូលផងដែរ។
លោកអគ្គនាយកបន្តថា បរធនបាលកិច្ច គឺជាយន្តការមួយ នៃការបង្កើនទំនុកចិត្តក្នុងការធ្វើអាជីវកម្ម ដូចជាក្នុងប្រតិបត្តិការនៃលំហូរមូលធន ដែលក្នុងនោះតាមរយៈប្រតិបត្តិការលំហូរមូលធន យើងអាចទាក់ទាញទំនុកចិត្ត ក៏ដូចជាការវិនិយោគបន្ថែមរបស់វិនិយោគិន តាមរយៈការចាប់ដៃគូរជាយុទ្ធសាស្រ្ត ក៏ដូចជាការវិនិយោគដោយប្រយោល នៅក្នុងវិស័យពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា, ដូច្នេះការសហការគ្នារវាង និយ័តករបរធនបាលកិច្ច ជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) គឺជាការពង្រឹងបន្ថែម ធ្វើយ៉ាងណាឲ្យធុរជនក្នុងស្រុក ត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីប្រើប្រាស់យន្តការមួយនេះ ក្នុងគោលដៅចាប់ដៃគូរជាមួយវិនិយោគិនដែលជាសក្តានុពល សម្រាប់ការធ្វើអាជីវកម្មរបស់ខ្លួន។
លោកបន្តលើកឡើងថា បរធនបាលកិច្ចបានផ្តល់នូវទំនុកចិត្ត និងការធានាហានីយភ័យ ក្នុងប្រតិបត្តិការលំហូរមូលធន ដែលក្នុងន័យនេះ ប្រតិបត្តិការទាក់ទងនឹងបរធនបាលកិច្ច គឺសំដៅដល់ទំនាក់ទំនងគតិយុត្តិ (ផ្លូវច្បាប់) និងបរធនបាលទាយក (ឬហៅថា ម្ចាស់ទ្រព្យធន) ផ្ដល់ទ្រព្យសម្បត្តិដល់បរធនបាល (ឬហៅថា អ្នកជួយចាត់ចែងទ្រព្យសម្បត្តិ) ក្នុងការមើលថែរក្សាជំនួស ដើម្បីជាប្រយោជន៍ដល់អត្ថគាហកៈ(ឬហៅថា អ្នកទទួលប្រយោជន៍) ។
ទាក់ទងវិស័យបរធនបាលកិច្ចនេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងថា វិស័យបរធនបាលកិច្ចនៅកម្ពុជា ជាវិស័យមួយដែលទើបតែបង្កើតឡើង ក្នុងនោះមានម្ចាស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាជាច្រើន គឺមិនទាន់យល់អំពីវិស័យបរធនបាលកិច្ច ដូច្នេះតាមរយៈសម្ពន្ធ័សហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺចង់ឲ្យបងប្អូនទាំងអស់គ្នាបានយល់ និងចូលរួម ព្រោះវិស័យបរធនបាលកិច្ច និងតាមរយៈសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់យើងទាំងអស់គ្នា។
នៅក្នុងពិធីនេះដែរ លោកឧកញ៉ា សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលមានវត្តមាននៅទីនេះ និងយកចិត្តទុកដាក់ ស្វែងយល់បន្ថែម ដើម្បីពង្រឹងសម្ថភាពរបស់ខ្លួន និងចូលរួមចំណែកដ៍សំខាន់សម្រាប់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ដូចជា ការពារមូលនិធិរូបិយបណ្ណកុំឲ្យបាត់បង់ និងមានការប្រើប្រាស់ប្រកបដោយតម្លាភាព, បង្កើននូវទំនុកចិត្តដល់សាធារណៈជន និងដៃគូនានា ថែមទាំងអាចទាក់ទាញមូលនិធិ និងលំហូរទុនវិនិយោគបន្ថែមផងដែរ ទាំងខាងក្នុង និងក្រៅប្រទេស៕