(ព្រះសីហនុ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះដោយសារលិចទូកនៅចំណុច និយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប៤១នាក់។

ជាលទ្ធផលនៃប្រតិបត្តិការនេះ ជនរងគ្រោះចំនួន២២នាក់ ត្រូវបានជួយសង្គ្រោះប៉ុន្ដែមានម្នាក់ស្លាប់ ខណៈអ្នកដែលបន្ដបាត់ខ្លួនមានចំនួន១៩នាក់ផ្សេងទៀត។ រហូតមកដល់ពេលនេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។

អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរក្រុងស្រុក និងកងកម្លាំងដែលមានការពាក់ព័ន្ធទាំងអស់ឲ្យចេញប្រតិបត្តិតាមស្វែងរកជនរងគ្រោះកំពុងបាត់ខ្លួន និងបានប្រកាសផ្តល់ជូនថវិកាដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទ ក្នុងករណីសង្គ្រោះបានជនរងគ្រោះម្នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀល៕