(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន ២៦វត្ត ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងឱកាសភ្ជុំបិណ្ឌវេនទី១៤ នៅស្នាក់ការគណបក្សស្រុករមាសហែក នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធដោយក្តីនឹករលឹក។

សូមរំលឹកផងដែរថា ចាប់តាំងពីបិណ្ឌទី រហូតដល់បិណ្ឌទី១៤នេះ នៅទូទាំងខេត្តស្វាយរៀង វត្តចំនួន២៤៦វត្ត ទទួលបាននូវទេយ្យវត្ថុមួយចំនួន និងបច្ច័យកសាងនៅគ្រប់វត្ត ក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានការចូលរួមចំណែកពីសំណាក់នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំង លោកលោកស្រី ជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្រុកទាំង៨ នៃខេត្តស្វាយរៀង ដែលមានសុទ្ធាជ្រះថ្លាចាប់មគ្គផលចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្យនេះ។

ជាមួយគ្នានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ៖

ទី១៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាមិនត្រូវឱ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឱ្យសប្បាយក្លាយជាទុក្ខ។

ទី២៖ ជៀសឱ្យផុតពីការប្រើប្រាស់គ្រឿងញៀន (ទាំងការសេព ការជួញដូរគ្រឿងញៀន និងការសេពគ្រឿងស្រវឹង)

ទី៣៖ ត្រូវចូលរួមគោរពតាមវិធានការណ៍ «៣ការពារ និង៣កុំ» ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗ ចូលក្នុងសហគមន៍។ ជាពិសេស ត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា

និងទី៤៖ ជៀសឱ្យឆ្ងាយពីការប្រព្រឹត្តនូវល្បែងស៊ីសងដែលនាំឱ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារ៕