(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញដល់មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវដាក់ចិត្តចាប់រថយន្តដឹកលើសទម្ងន់ឱ្យមានប្រសិទ្ធភាព ជាពិសេសមន្ត្រីនៅតាមស្ថានីយថ្លឹងរថយន្តទាំងអស់ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាព គុណភាព តម្លាភាព ប្រកបដោយយុត្តិធម៌ ហើយមន្ត្រីនគរបាលចរាចរណ៍ក៏ត្រូវធ្វើការឱ្យបានច្បាស់លាស់។

ការជំរុញបែបនេះ របស់លោកអភិបាលខេត្តកណ្តាល បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ និងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការចំនួន៦រូប នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ។

លោក គង់ សោភ័ណ្ឌ ក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបន្តខិតខំជួសជុលផ្លូវ ចុះមើលផ្លូវឱ្យគ្រប់ទីកន្លែង ពិនិត្យលើរថយន្តដែលតទ្រុងទាំងអស់ និងត្រួតពិនិត្យករណីឡានដឹកលើសទម្ងន់ទាំងឡាយដែលខុសច្បាប់ ត្រូវធ្វើការផាកពិន័យ អនុវត្តទៅតាមច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដោយមិនមានការលើកលែងនោះទេ។

លោកអភិបាលខេត្ត ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មសម្រេចលទ្ធផលតាមផែនការ និងជំរុញឱ្យដាក់ចិត្តធ្វើការប្រកបដោយឆន្ទៈ និងសហការគ្នាល្អ។

ទន្ទឹមនឹងនេះដែរ លោកក៏បានលើកទឹកចិត្តដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្ត្រីរាជការដែលទើបតែងតាំង ប្រគល់ភារកិច្ច ត្រូវខិតខំប្រឹងប្រែងពង្រឹងការងារជំនាញ មានសាមគ្គីភាពផ្ទៃក្នុង មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និងមានភាពច្បាស់លាស់។

ជាមួយគ្នានេះដែរលោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានប្ដេជ្ញាចិត្តកសាងផ្លូវ ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសគោរពតាម និងអនុវត្តន៍តាមការណែនាំរបស់ថ្នាក់ដឹកនាំឱ្យបានល្អបំផុត។

លោក ចេង ឃីម អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានប្ដេជ្ញាគោរពតាមអនុសាសន៍ណែនាំរបស់់ថ្នាក់លើឱ្យបានល្អបំផុត៕