(ព្រះសីហនុ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបើកប្រតិបត្តិការរដ្ឋបាលរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីតាំងឈ្មោះ «ជីងឆាយតិចណូឡូជី» ចំនួន៨អគារ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងរកឃើញថាពាក់ព័ន្ធបទល្មើសល្បែងអនឡាញខុសច្បាប់, បទល្មើសជួញដូរមនុស្ស និងបទល្មើសសញ្ចារកម្ម។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ទីតាំងមានអគារចំនួន០៨អគារ (អគារលេខ០៦ កំពស់១០ជាន់ អគារលេខ០៧ កំពស់០៩ជាន់ អគារលេខ០៨ កំពស់០៩ជាន់ អគារលេខ០៩ កំពស់០៥ជាន់ អគារលេខ១០ កំពស់០៨ជាន់ អគារលេខ១១ កំពស់០៩ជាន់ អគារលេខ១២ កំពស់១៧ជាន់ និងអគារលេខ១៣ កំពស់០៤ជាន់)។

ក្នុងប្រតិបត្តិការរយៈពេល៣ថ្ងៃនេះ កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត បានរកឃើញជនបរទេសសរុប ៤៦៩នាក់ ស្រី៧៥នាក់ មានចំនួន១០សញ្ញាតិ ជនជាតិចិន ចំនួន២៧៤នាក់ ស្រី៣៣នាក់, ជនជាតិចិនតៃវ៉ាន់ ចំនួន០៦នាក់, ជនជាតិវៀតណាម ចំនួន១៥៨នាក់ ស្រី៣៤នាក់, ជនជាតិម៉ាឡេស៊ី ចំនួន១៥នាក់ ស្រី០២នាក់, ជនជាតិឥណ្ឌូនេស៊ី ចំនួន០៣នាក់ ស្រី០២នាក់, ជនជាតិឥណ្ឌា ចំនួន០៤នាក់ ជនជាតិថៃ ចំនួន០៣នាក់ ស្រី០១នាក់, ជនជាតិបង់ក្លាដេស ចំនួន០១នាក់, ជនជាតិម៉ីយ៉ាន់ម៉ា ចំនួន០១នាក់ ស្រី០១នាក់ និងជនជាតិរុស្សី ចំនួន០២នាក់ ស្រី០២នាក់។

ជនបរទេសខុសច្បាប់អន្តោប្រវេសន៍ សរុបចំនួន២៣៦នាក់ ស្រី៣២នាក់ មាន០៨សញ្ញាតិ ក្នុងនោះជនជាតិចិន ចំនួន៩៩នាក់ ស្រី០៦នាក់ តៃវ៉ាន់ ចំនួន០២នាក់ វៀតណាម ចំនួន១២២នាក់ ស្រី២៤នាក់ ម៉ាឡេស៊ី ០៥នាក់ ថៃ០៣នាក់ ស្រី០១នាក់ បង់ក្លាដេស ០១នាក់ មីយ៉ាន់ម៉ា ០១នាក់ (ស្រី) ឥណ្ឌា ០៣នាក់។

បន្ទាប់ពីសមត្ថកិច្ចជំនាញផ្នែកការងារ និងសមត្ថកិច្ចជំនាញផ្នែកអន្តោប្រវេសន៍ បានធ្វើការសាកសួរព័ត៌មាន និងពិនិត្យឯកសារពាក់ព័ន្ធនានា ដែលលើជនបរទេសសរុបចំនួន ៤១៤នាក់ មានជនបរទេស ជាស្រីចំនួន៤២នាក់ ឃើញថា៖

* រកឃើញជនបរទេសបម្រើការងារមិនមានប័ណ្ណការងារមាន ចំនួន២៣៦នាក់ (ស្រី ៣៩នាក់) បានផាកពិន័យ ចំនួន២៣៦នាក់ (ស្រី៣៩នាក់) និងប្រមូលអាករពីការធ្វើប័ណ្ណការងារ បានថវិកាសរុប ចំនួន១១៨លានរៀល។

* មានប័ណ្ណការងារ ចំនួន៣៥នាក់ (ស្រី០៨នាក់) ជនបរទេសដែលមិនមានលិខិតឆ្លងដែន និងកំពុងស្នាក់នៅក្នុងទីតាំងហ្គាឡាក់ស៊ីវើល មានចំនួន១៦៨នាក់ ស្រីចំនួន ១៧នាក់ ក្នុងនោះមានសញ្ញាតិចិន ចំនួន១៣០នាក់ ស្រីចំនួន០៨នាក់ វៀតណាមចំនួន៣៣នាក់ ស្រីចំនួន០៧នាក់ ម៉ាឡេស៊ីចំនួន០៣នាក់ និងឡាវ០២នាក់ ស្រី០២នាក់។

ជាលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលទីតាំងខាងលើ កម្លាំងជំនាញកំណត់បានសញ្ញាណពាក់ព័ន្ធនឹងបទល្មើសចំនួន៣រួមមាន បទល្មើសល្បែងអនឡាញខុសច្បាប់ បទល្មើសជួញដូរមនុស្ស និងបទល្មើសសញ្ចារកម្ម។ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោលការណ៍ឯកភាពគ្នាជារួមពីជំនាញពាក់ព័ន្ធ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុសម្រេចដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

* ធ្វើកិច្ចសន្យាអប់រំដល់ជនបរទេសដែលស្របច្បាប់ និងជនបរទេស ដែលបានផាកពិន័យអន្តោប្រវេសន៍ និងផ្តល់ប័ណ្ណការងាររួចរាល់ អនុញ្ញាតអោយចាកចេញពីទីតាំងទៅរកកន្លែងថ្មី

* បិទអាជីវកម្មទាំងអស់ ដែលស្ថិតក្នុងបរិវេណទីតាំងឈ្មោះជើង ឆាយ តិចណូឡូជី (ហៅ ជីងឆ្ងាយ០៥) លើកលែងតែអាហារដ្ឋាន ដោយផ្តល់ការសម្រេចចិត្តពីម្ចាស់ទីតាំងអាជីវកម្មអាហារដ្ឋាន លើការចាកចេញ ឬបន្តអាជីវកម្ម

* បិទជាបណ្តោះអាសន្ននូវអគារលេខ០៦ (ជាន់ទី៥,៧,៨,៩) អគារលេខ០៧ (ជាន់ទី៣,៨,៩) អគារលេខ០៨ (ជាន់ទី៣,៥, ៦,៨,៩,១០) អគារលេខ០៩ (បន្ទប់មេការខារ៉ាអូខេ ០១បន្ទប់) អគារលេខ១០ (ជាន់ទី៧,៨,៩) និងអគារលេខ១១ (ជាន់ទី៥,៧,៨,៩,១០)

* ប្រគល់ជូនគណៈបញ្ហាការឯកភាពខេត្តព្រះសីហនុ រក្សាទុកសម្ភារៈ ទ្រព្យសម្បត្តិដែលបានចាប់យកក្នុងពេលប្រតិបត្តិការ។

* ជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម កសាងសំណុំរឿងពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់ បញ្ជូនទៅតុលាការ និងបន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។

* ជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកសាងសំណុំរឿងបទល្មើសជួញដូរមនុស្ស បទល្មើសញ្ចារកម្ម បញ្ជូនជនសង្ស័យ ចំនួន ០៥នាក់ទៅតុលាការ និងបន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់៕