(តាកែវ)៖ លោកឧត្តមសេនីយ៍ឯក មាស ប៑ុនឡីជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន និងជាអគ្គនាយករងសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ បានថ្លែងទៅកាន់ពុទ្ធបរិស័ទ ជាង៥៥០នាក់ ដោយបានបញ្ជាក់ថា តម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍ រីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកបន្តថា សមិទ្ធផលទាំងឡាយដែលកើតចេញនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ក៏កើតចេញដោយសារប្រទេសជាតិមានសុខសន្តិភាព ពិសេសការជួបជុំធ្វើបុណ្យទាននៅថ្ងៃនេះក៏កើតចេញពីតម្លៃនៃសន្តិភាពផងដែរ។

ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ឯកមាស ប៑ុនឡី បានធ្វើឡើង ខណៈដែលលោកតំណាងអ្នកឧកញ៉ាលី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្ស និងប្រជាពុទ្ធបរិស័ទថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌ វេនទី១៥នៅ វត្តបារាយណ៍ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។

លោកបានលើកឡើងថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

លោកបានបន្តទៀតថា អស់រយៈពេលជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកទទួលទានចិញ្ចឹមជីវិត ការប្រតិបត្តិជំនឿសាសនា និងគណបក្សនយោបាយជាដើម តែយ៉ាងណាប្រជាពលរដ្ឋបានស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ជាប្រមុខដើម្បីដឹកនាំប្រទេសជាតិជារៀងរហូតមក។

លោកក៏បានអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស សម្រាប់អនាគតប្រទេសជាតិ និងកូនចៅ។

លោកបន្តថា «យើងរស់នៅក្នុងសុខសន្តិភាពប្រកបដោយសេចក្តី សុខទើប មានឱកាសធ្វើការអភិវឌ្ឍប្រទេសជាតិ និងគ្រួសារនិងការរីកចម្រើនជាពិសេសអាជ្ញាធរដែនដី កម្លាំងគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តនូវគោលនយោបាយភូមិឃុំសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឲ្យមូលដ្ឋានយើង គ្មានអំពើលួចឆក់ប្លន់ល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ជាដើម»